ព័ត៌មានទាន់ហេតុការណ៍៖

ជិះតាក់ស៊ីទៅកាន់ព្រលានយន្តហោះបានតែបន្តិច មិនស្រួលខ្លួនបញ្ជូនទៅពេទ្យ គាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់ ខណៈចេញពីបន្ទប់ជួលជិះរថយន្តតាក់ស៊ីទៅកាន់ព្រលានយន្តហោះភ្នំពេញបម្រុងទៅស្រុកកំណើតបានបន្តិច ស្រាប់តែត្អួញថាមិនស្រួលក្នុងខ្លួនហើយឲ្យអ្នកបើកបររថយន្តតាក់ស៊ី ដឹកយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក៏បានបាត់បង់ជីវិតគួរឲ្យ សោកស្តាយបំផុត ។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៧នៅចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាផ្ទះជួលស្នាក់នៅរបស់ជនរងគ្រោះ ។

នគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានឲ្យដឹងថា សពបុរសនេះមានឈ្មោះ FLUKR JRiSiAH អាយុ ៧១ឆ្នាំ មុខរបរអ្នកតេសចរ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញកាន់លិខិតឆ្លងដែនលេខ ៤៩៨០២៦២៨ មានកូនស្រីម្នាក់អាយុ ៩ឆ្នាំ ។មុនកើតហេតុ មានបុរសរងគ្រោះ បានជិះរថយន្តតាក់សីុម៉ែត្រដែលជាអ្នកស្គាល់គ្នាទៅកាន់ព្រលានយន្តហោះភ្នំពេញគោលបំណងទៅសហរដ្ឋអាមេរិក។ តែពេលជិះរថយន្តចេញពីបន្ទប់ជួលមកដល់ផ្លូវ៣៧១បានបន្តិច ស្រាប់តែគាត់(ជនរងគ្រោះ)ប្រាប់អ្នកបើកបររថយន្តតាក់សីុថា «ខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនសោះ»

ក្រោយមកអ្នកបើករថយន្តតាក់សីុ ឃើញបុរសនោះ មានសភាពស្លេកស្លាំងពេកក៏ប្រញាប់ដឹកយកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតែពេលដល់មន្ទីរពេទ្យបានប្រហែលកន្លះម៉ោង ស្រាប់តែគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់ហើយទើបអ្នកបើកបររថយន្តប្ដឹងសមត្ថកិច្ចសង្កាត់បឹងទំពុន មកត្រួតពិនិត្យ។ជាមួយនេះដែរនគរបាលខណ្ឌមានជ័យបានទាក់ទងទៅខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដើម្បីមកចូលរួមត្រួតពិនិត្យសពនៅម៉ោង៩ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ ជាមួយការិយាល័យជំនាញបច្ចេកទេសផ្នែកកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូងទើបទូរស័ព្ទប្រាប់ប្រពន្ធសពមានឈ្មោះ ហួត សាភា ភេទស្រី អាយុ ៤៨ឆ្នាំមុខរបរធ្វើការនៅប្រទេសអាមេរិក និងមានកូនស្រីអាយុ ៩ឆ្នាំម្នាក់រស់នៅក្នុងបន្ទុក ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅឯកស្រុកកំណើតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ៕ ប្រាថ្នា

 


ចែករំលែក៖