ខេត្តសៀមរាប ៖ ស្របពេលដែល សំណង់ក្នុងទីក្រុងសៀមរាប ចេះតែកើន ឡើងនោះមានក្រុមហ៊ុនមួយចំនួនបានចាប់ផ្ដើម ប្រកបមុខរបរជីកដីបកយកខ្សាច់ និង បូមខ្សាច់ ហើយដឹកជញ្ជូនយកទៅផ្គត់ផ្គង់ឲ្យការដ្ឋានសំណង់ជាច្រើនកន្លែង ។
ការជីកដីបកយកខ្សាច់និងបូមខ្សាច់ធ្វើអាជីវកម្មនេះ កន្លែងខ្លះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនៅតាមជនបទ និងកន្លែងខ្លះទៀតថែមទាំងប៉ះពាល់ដល់ ដីស្រែចម្ការ ព្រមទាំងការរស់នៅរបស់អ្នក ភូមិទៀតផង ។
ពលរដ្ឋជាច្រើននាក់នៅភូមិព្រំកុដ្ឋ នៃ ឃុំបល្ល័ង្ក ក្នុងស្រុកប្រាសាទបាគង ខេត្ត សៀមរាប បង្ហាញការអស់សង្ឃឹមទៅលើអាជ្ញាធរភូមិ-ឃុំ រហូតដល់ថ្នាក់មន្ទីរ និង ខេត្តជាដើម ថាមិនយកចិត្តទុកដាក់ដោះស្រាយការប៉ះពាល់នានាដោយសារតែក្រុមហ៊ុនជីកដីបូមខ្សាច់នោះទេ ។
អ្នកភូមិព្រំកុដ្ឋ និងភូមិត្រាចជាង៤៤០ នាក់ធ្លាប់ដាក់ពាក្យប្ដឹងក្រុមហ៊ុនជីកដីបកយកខ្សាច់ និងបូមខ្សាច់ចំនួន៤រហូតទៅដល់អង្គភាពប្រឆាំងអំពើពុករលួយម្ដងមកហើយ បណ្ដាលឲ្យអាជ្ញាធរខេត្តសៀមរាប ចុះចាត់វិធានការលើក្រុមហ៊ុនបូមខ្សាច់ខ្លះឲ្យផ្អាកសកម្មភាព ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនខ្លះបានចាប់ផ្ដើមជីកបកដីយកខ្សាច់ឡើងវិញ ។
ស្ត្រីអ្នកភូមិព្រំកុដ្ឋ ម្នាក់ក្នុងចំណោម ពលរដ្ឋជាច្រើនទៀតដែលប៉ះពាល់ដោយសារតែក្រុមហ៊ុន គិត សុទ្ធារិទ្ធ ជីកដីយក ខ្សាច់នៅជាប់ដីស្រែរបស់គាត់ គឺលោកស្រី ហុង រ៉ាយ បានមានប្រសាសន៍នៅព្រឹក ថ្ងៃពុធ ទី១៥ ខែមីនា ថា កាលពីក្រុមហ៊ុន មិនទាន់ទៅជីកដីបកយកខ្សាច់នៅជាប់ស្រែ របស់គាត់គឺគាត់ស្ទូងស្រូវបានទទួលផលជារៀងរាល់ឆ្នាំ ប៉ុន្តែរយៈពេល២ឆ្នាំមកនេះ គាត់ធ្វើស្រែមិនបានស្រូវទេ ពីព្រោះគ្មានទឹកដោយសារតែទឹកហូរទៅកន្លែងបូមខ្សាច់ អស់ ។
ចំណែកអ្នកស្រី រស់ រ៉េត មានប្រសាសន៍ ប្រហាក់ប្រហែលគ្នាថា ដីស្រែរបស់គាត់ ទំហំ១ហិកតានៅជិតគ្នានោះដែរគឺខានបាន ទទួលផល២ឆ្នាំហើយចាប់តាំងតែពីក្រុមហ៊ុនមកជីកដីបកយកខ្សាច់ ធ្វើឲ្យដីស្រែរបស់គាត់ច្រោះបាក់ដីមានជង្ហុកជាច្រើនមក ។
ពលរដ្ឋជាច្រើនទៀតព្រួយបារម្ភថា ការជីកដីបកយកខ្សាច់នេះកំពុងតែគំរាមកំហែងទៅដល់ការបាក់ដីស្រែនិងចម្ការរបស់ ពួកគេ ។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀម រាប លោក មាស ជូរ៉ានី មានប្រសាសន៍ថា កាលពីអ្នកភូមិដាក់ពាក្យបណ្ដឹង គឺកន្លែងជីកដីយកខ្សាច់របស់ក្រុមហ៊ុន លី ហាំងសេង បានបញ្ឈប់សកម្មភាពទៅហើយ ប៉ុន្តែបច្ចុប្បន្នមានសកម្មភាពជីកយកខ្សាច់យ៉ាងណាទៀតនោះ គឺលោកមិនបានដឹងឡើយ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ នៅភូមិព្រំកុដ្ឋ និងភូមិត្រាច ចំនួន ៤៤៥នាក់បានរួមគ្នាផ្ដិតមេដៃប្ដឹងប្រឆាំងក្រុមហ៊ុន ជីកដីបកយកខ្សាច់ និងបូមខ្សាច់ចំនួន៤ មានក្រុមហ៊ុន អ៊ាង ចំរើន ក្រុមហ៊ុន លី ហាំង សេង ក្រុមហ៊ុន លី អ៊ុំអេង និងក្រុមហ៊ុន សុខ ហួរ ទៅអង្គភាពប្រឆាំងអំពើពុក រលួយ ។
ពាក្យបណ្ដឹងរបស់អ្នកភូមិទាំងនោះ បញ្ជាក់ថា ក្រុមហ៊ុនជីកដីបកយកខ្សាច់ និងបូមខ្សាច់ទាំង៤បានធ្វើឲ្យប៉ះពាល់ដី ស្រែជាង១.៥០០ហិកតា ដែលនៅជាប់ នឹងរណ្ដៅ ព្រមទាំងប៉ះពាល់ដីភូមិជាង ១.៦០០ហិកតា និងប៉ះពាល់ដល់បរិស្ថាន ជាច្រើនទៀត ។
កាលពីខែតុលា ឆ្នាំ២០១៦ អាជ្ញាធរ ខេត្តសៀមរាប ក៏បានចាត់វិធានការទៅលើការជីកបូមយកខ្សាច់នេះ ដោយអាជ្ញាធរ ខេត្តសៀមរាប បានឆ្លើយតបទៅអង្គភាពប្រឆាំងអំពើពុករលួយថា គឺក្រុមហ៊ុនខ្លះ មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងក្រុមហ៊ុនខ្លះ មិនមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាម ពលទេ ហើយក្រុមហ៊ុនខ្លះក៏បានបញ្ឈប់សកម្មភាពហើយដែរ ៕ ហេង នរិន្រ្ទ