ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បាននឹងប្រមូលយកលុយរាប់សិបលានក្នុងមួយថ្ងៃ ដោយអាជ្ញាធរខណ្ឌ និងសមត្ថកិច្ច បានមើលរំលង មិនព្រមចាត់វិធានការ ទំនងជាខ្លាចបែកឆ្នាំងបាយផងក៏មិនដឹង ។
គេសង្កេតឃើញថា ឲ្យតែដល់ពេលថ្ងៃត្រង់មិនទាន់ផងនោះទេ គឺមានអ្នកញៀនល្បែងកន្ទុយលេខ ចេញ ចូល ចាក់ឆ្នោតជាហូរហែ មិនដែលដាច់ មានទាំងក្មេង ចាស់ ប្រុស ស្រី ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់វិធានការឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ឋនៅតាមមូលដ្ឋាន បង្ក្រាបឲ្យអស់នូវរាល់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ប៉ុន្តែបែរជានៅក្នុងខណ្ឌពោធិ៍សែនជ័យ មិនមានវិធានការបង្ក្រាបល្បែងឆ្នោតវៀតណាមខុសច្បាប់ បែបនេះទៅវិញ ឬក៏ខ្លាចបែកឆ្នាំងបាយប្រចាំខែ?
ប្រជាពលរដ្ឋរង់ចាំមើលថា តើលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អាចនឹងមានវិធានការលើកន្លែងមួយនេះឬទេ ? ម៉្យាងវិញទៀតនេះជាមូលហេតុដែលកើតឡើងករណីព្រហ្មទណ្ឌផ្សេងៗកើតមានឡើងជាញឹកញាប់ ក៏ដោយសារតែល្បែងសុីសងទាំងអស់នេះនោះដែរ ៕ សុខាសែនជ័យ