ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការរឿងក្ដីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ។ ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម អ៊ី ថាវរៈ បានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៣០ ខែមីនា ខាងមុខនេះ ។
លោក សម រង្ស៊ី ជាប់ចោទពីបទ ” បរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៣០៥ , មាត្រា៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ទៀតផង ។
ជាការឆ្លើយតបនូវការចោទប្រកាន់គ្មានភស្តុតាងនេះ មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ី តាមច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងត្រឹមតែ១០០រៀលប៉ុណ្ណោះ ៕ ចេស្តា