ខេត្តកណ្តាលៈ ផ្តើមចេញពីឆ្លងចរន្តអគ្គិសនីបង្កជាគ្រោះអគ្គិភ័យឆាបឆេះលំនៅឋានមួយខ្នង និងស្លាប់យុវជនម្នាក់នៅក្នុងភ្លក់ភ្លើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា លំនៅឋានដែលត្រូវបានភ្លើងឆាបឆេះនោះជាកម្មសិទ្ធរបស់ឈ្មោះ ចាំង យ៉ាំងទៀង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ទិន ថាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករ មានទីលំនៅឯប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅក្នុងភូមិ/ឃុំកើតហេតុ ។
ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុឈ្មោះ ជុង ផាងវិន និង ជនរងគ្រោះ ឈ្មោះ ទិន ថាន់ បានដេកក្នុងផ្ទះលក់ដូរនោះ ។ ក្រោយមកឈ្មោះ ជុង ផាងវិន បានងើបបត់ជើងតូច ក៍ឃើញភ្លើងឆេះនៅកន្លែងហ្វ្រីភ្លើង ភ្លាមៗនោះឈ្មោះ ជុង ផាងវិន ក៏បានយកទឹកជះ តែភ្លើងរឹតតែឆេះខ្លាំងទៅៗ វាក៏រត់ទៅជួយជនរងគ្រោះតែដោយសារភ្លើងឆេះខ្លាំងពេក វាក៍រត់មកមុខវិញ ។ ភ្លើងកាន់តែឆាបឆេះខ្លាំងឡើង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅក្នុងផ្ទះនោះតែម្តង ៕ ស្អាងជ័យ