ព័ត៌មានទាន់ហេតុការណ៍៖

ប្តីគេមិននៅឃើញប្រពន្ធគេទំនងចាប់ខ្ទប់មាត់ទាញចូលបន្ទប់ប៉ុនប៉ងរំលោភតែមិនបានសម្រេចប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរួបគេបានធ្វើសកម្មភាពចាប់នារី ដែលមានទាំងផ្ទៃពោះ៥ខែផងទាញដៃខ្ទប់មាត់ចូលក្នុងបន្ទប់ខ្លួនប៉ុនប៉ងរំលោភ តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី៤៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ អាយុ២០ឆ្នាំ មានផ្ទៃពោះ៥ខែ មានប្តីឈ្មោះ ភារិន ធ្វើការរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យមានឈ្មោះ ភ័ណ្ណ សោភារ្យ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជិតគ្នា ។

តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបនាងបានដើរមកពីទិញម្ហូបពីផ្សារទួលពង្រ ខណៈដើរមកដល់មុខបន្ទប់ជួលជនសង្ស័យ ស្រាប់តែជននោះចេញពីបន្ទប់ហើយធ្វើសកម្មភាពចាប់ខ្ទប់មាត់ទាញដៃចូលក្នុងបន្ទប់ប៉ុនប៉ងចាប់រំលោភ តែដោយសារតែរួបនាងបានអង្វរ សំពះអង្វរ ទើបជនសង្ស័យដោះលែង។

សាក្សីដដែលបានបន្តថា ក្រោយមកនារីរងគ្រោះបានទៅសម្ងំយំនៅក្នុងបន្ទប់ជួលម្នាក់ឯង ចំណែកជនសង្ស័យគេចខ្លួនបាត់។ លុះវេលាម៉ោង១១ថ្ងៃដដែល ខណៈប្តីរបស់នាងចេញមកពីធ្វើការឃើញប្រពន្ធដូច្នេះ ក៏សួររឿងហេតុ ទើបដឹងធ្វើឲ្យចិត្តពុះកញ្ជ្រោល តាមរកជនសង្ស័យរហូតជួប ទើបចាប់ និងវាយបណ្តាលឲ្យបែកក្បាលហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្តិ៍ចោមចៅ។

នៅចំពោះមុខសមត្ថកិច្ចជនង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ដៃ និងខ្ទប់មាត់នារីរងគ្រោះពិតប្រាកដមែន តែមិនបានធ្វើអ្វីលើសពីនេះទៀតទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានសម្របសម្រួលដោយភាគីជនបង្កបានចេញថ្លៃជំងឺចិត្តចំនួន៦០មឺុនរៀលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ

image2

ជនសង្ស័យចាប់ខ្ទប់មាត់ប្រពន្ធគេអូសចូលបន្ទប់

image1

ស្ត្រីរងគ្រោះ និងប្តី


ចែករំលែក៖