ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​២២ មីនា​ តុលាការ​កំពូល​កាត់ទោស​លោក​ ហេង​ ពៅ​ ករណី​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ ​

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះតុលាការកំពូល នឹងបើកសវនាការសំណុំរឿងលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយរាប់រយសន្លឹក ។ នេះបើតាមឯកសារពីតុលាការកំពូល ។

សវនាការនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានសម្រេចដូចគ្នា ផ្តន្ទាទោសលោក ហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ តែលោកមិនសុខចិត្តបានប្តឹងសាទុក្ខមកតុលាការកំពូល ។

លោក ហេង ពៅ ជាប់ចោទពីបទ ” រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ” ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ស្រុកតាខ្មៅ ( បច្ចុប្បន្នជាក្រុងតាខ្មៅ ) ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ ។

សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ ។

គួរបញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។

ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕ ចេស្តា

IMG-20170318-WA0001 IMG-20170318-WA0000


ចែករំលែក៖