ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ប៉ុស្តិ៍នគរបាលដ្ឋបាលសហការគ្នា បង្រ្កាបបទល្មើសនេសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ ជំនួសមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពោធិ៍សាត់ ខណៈបទល្មើសទាំងនេះ កើតឡើងសង្ស័យដោយសារតែមន្រ្តីរដ្ឋបាលជលផលជាអ្នកបើកដៃ ។
ប្រតិបត្តិការខាងលើ ធ្វើឡើងរយៈពេលពី១៧ ទី១៨ ខែមីនា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង និងភូមិត្រពាំងរុំដេញ ឃុំក្បាលត្រាច ព្រមទាំងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផលក្នុងបង្រ្កាបរយៈពេលពីថ្ងៃនេះ រួមមាន របាំងសាច់អួនចំនួន ៥ខ្សែ មានប្រវែងចំនួន១៥០០ម៉ែត្រ ក្បាល(ប)ចំនួន ៩គ្រឿង របាំងស្បៃមុងចំនួន ២៣ខ្សែ មានប្រវែងចំនួន ៦១០០ម៉ែត្រ បង្គោចំនួន ៣៣០៩ដើម លូកងស្បៃមុងចំនួន ៤៣មាត់ ក្បាល(ប)ចំនួន ៣១គ្រឿង ចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិចំនួន ៤៦៨គីឡូក្រាម។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្តីពីរដ្ឋបាលជលផល ត្រូវបានបង្ក្រាបបំផ្លាញចោលនៅនឹងកន្លែង៕ ប៉ឹម ពិន