ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាប់ពីពួកគាត់បានពុលស្រាថ្នាំគ្រាទទួលទានជុំគ្នានៅក្នុង ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរីកាលពីល្ងាចថៃ្ងទី១៧ ខែមីនា ឆ្នាំ២០១៧ ។
អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ បានដាក់ចេញបទបញ្ជាឲ្យលោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរីចាត់ចែង មន្រ្តីជំនាញរបស់ខ្លួនសហការជាមួយមន្រ្តីសុខាភិបាលខេត្តចុះទៅពិនិត្យស្រាវជ្រាវឲ្យ បានច្បាស់លាស់ដល់កន្លែងកើតហេតុ ។
លោក តូច យ៉ុន ស្នងការនគរបាលខេត្ត មណ្ឌលគិរីកាលពីព្រឹថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៧នេះក៏កំពុងចាត់ចែងមន្រ្តីការិយាល័យនគរបាលជំនាញរួមនឹងមន្រ្តីសុខាភិបាលចុះទៅស្រាវជ្រាវពិនិត្យករណីនេះ ដើម្បីរកមូលហេតុពិតដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកភូមិពូទុង ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៧ មានមនុស្សចំនួន១១នាក់ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នាទទួលទានស្រា ថ្នាំ។ បន្ទាប់ពីទទួលទានរួចស្រាប់តែមានអាការពុលតែម្តងបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនៅកន្លែង និងមនុស្សចំនួន ១០នាក់ទៀតមានអាការទន់ខ្លួនបែកពពុះមាត់គ្រប់ៗគ្នាត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
នាពេលកន្លងទៅក្រសួងសុខាភិបាល ធ្លាប់បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទានស្រាសនិងស្រាថ្នាំ មួយចំនួនដែលបិទដោយមិនមានបទដ្ឋានត្រឹមត្រូវ។ ករណីនេះនាពេលកន្លងទៅក៏ធ្លាប់កើតមានញឹកញាប់ដែរក្នុងប្រទេស កម្ពុជា ៕ សហការី