ភ្នំពេញ ៖ បុរស២នាក់បានអង្គុយផឹកសីុក្លែមសាច់ឆ្កែ ខណៈឃើញបុរស២នាក់ទៀត ដែលធ្លាប់ធ្វើការជាមួយគ្នា បានមកទិញសាច់ឆ្កែទីតាំងតែមួយ ហើយបានហៅមកអង្គុយផឹកសីុជាមួយគ្នា តែគេមិនព្រមមកផឹក ក៏ទាញដបស្រាគប់ទៅលើគេ ទើបបង្កហិង្សាដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យបុរសដែលគប់ដបស្រាដាក់គេនោះរងរបួសខៀវភ្នែក ហើយភាគីម្ខាងទៀតនៅបានគេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅហាងលក់សាច់ឆ្កែមួយកន្លែង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ក្រោយកើតហេតុ ភាគីម្ខាងដែលរបួសបានចូលពេទ្យ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមីនា ទើបប្តឹងនគរបាលទៅតាមឃាត់ខ្លួនភាគីម្ខាងទៀត នៅរោងសិប្បកម្មកែច្នៃឈើ តាមផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរនៅប៉ុស្តិ៍ ។
ភាគីដែលវាយភាគីម្ខាងទៀតឲ្យរបួសនោះមានឈ្មោះ ប៊ិន សំបូរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ទី១ ឈ្មោះ អ៊ួន សំអន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករជាងឈើ ស្នាក់នៅរោងសិប្បកម្ម ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភុមិគោកភ្នៅ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសដៃ ។ ទី២ ឈ្មោះ ហួរ ដែន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករជាងឈើ ស្នាក់នៅ និងស្រុកកំណើត ភូមិឃុំជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រងរបួសជាំភ្នែកឆ្វេង ។
តាមសម្តី ភាគី២នាក់បងប្អូន រងរបួសបានឲ្យដឹងថា កាលពីមុន ពួកគេទាំងអស់គ្នា ជាមួយភាគីបង្ក នៅធ្វើការងារ ក្នុងរោងសិប្បកម្មកែច្នៃឈើ ជាមួយគ្នានៅក្នុងភូមិគោកចំបក់ តែមួយរយៈក្រោយមក ឈ្មោះប៊ិន សំបូ បានបែកចេញទៅធ្វើការនៅរោងសិប្បកម្មផ្សេង ហើយចេះតែមករំអុក ទាមទារលុយ២០ដុល្លារ របស់មិត្តភក្តិគេម្នាក់ទៀត ដែលបានឈប់ ចេញទៅបាត់កន្លងមក ពីបងស្រីរបស់ខ្លួនជាម្ចាស់សិប្បកម្ម លុះរហូតមកដល់វេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមីនា ឈ្មោះ ប៊ិន សំបូរ មានគ្នា២នាក់ មកទារលុយ២០ដុល្លារម្តងទៀត ខណៈដែលខ្លួនកំពុងអង្គុយផឹកសុី ក្លែមសាច់ឆ្កែនៅក្នុងភូមិថ្មគោល ដោយស្រវឹងស្រឿងៗដូចគ្នាផង ក៏កើតជាទំនាស់សម្តីបង្កហិង្សាឈានដល់វាយប្រតាយប្រតប់គ្នា បណ្តាលឲ្យ ២នាក់បងប្អូនរងរបួស ។
ចំណែកភាគីឈ្មោះ ប៊ិន សំបូរ វិញបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែមីនា ខ្លួនបានជិះមូ៉តូឌុបគ្នាជាមួយកម្មករម្នាក់ទៀត ទៅរកទិញសាច់ឆ្កែ នៅភូមិថ្មគោល ពេលទៅដល់ក៏ជួប ឈ្មោះ អ៊ួន សំអន និងឈ្មោះ ហួរ ដែន កំពុងអង្គុយផឹកសុីក្លែមសាច់ឆ្កែ ហើយក៏សួររឿងលុយ២០ដុល្លារ ពេលណាបងស្រីជាម្ចាស់សិប្បកម្មឲ្យគេ ពេលនោះអ្នកទាំង២ ក៏បានហៅចូលមកផឹកមួយសិន ចាំនិយាយគ្នាជាក្រោយ តែខ្លួនមិនចូលរួមផឹកជាមួយ បែរជាអ្នកទាំង២នាក់ យកកំប៉ុងស្រាបៀរគប់មកលើខ្លួន ក៏កើតជាទំនាស់សម្តី ប្រតាយប្រតប់ វាយទៅវាយមក រួចចែកផ្លូវគ្នារៀងខ្លួន រហូតដល់ព្រឹកថ្ងៃទី១៨ ខែមីនា ខណៈដែលខ្លួនកំពុងធ្វើការ ត្រូវបាននគរបាល មកកេះខ្នងហៅនាំទៅសាកសួរនៅបុ៉ស្តិ៍ចោមចៅ ។
តាមស្រ្តីឈ្មោះ អ៊ួន សុខា អាយុ៣៨ឆ្នាំ ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើ នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ហើយក៏ជាបងស្រីបង្កើតរបស់ ជនរងគ្រោះ អ៊ួន សំអន បានឲ្យដឹងថា ឈ្មោះ ប៊ិន សំបូរ និងកម្មករម្នាក់ទៀត ត្រូវជាមិត្តភក្តិរបស់គេ ក្រោយពីបានឈប់ធ្វើការងារជាងឈើនៅសិប្បកម្មរបស់គាត់ ជាច្រើនខែមកហើយ ទៅធ្វើការនៅកន្លែងផ្សេង បែរជាឈ្មោះ ប៊ិន សំបូរ មកទារលុយ២០ដុល្លារ ជំនួសមិត្តភក្តិទៅវិញ ទោះជាប្រាប់ថា ឲ្យម្ចាស់មកយកលុយដោយខ្លួនឯង តែនៅមិនឃើញម្ចាស់លុយមកយក បែរជាកម្មករម្នាក់នេះ មកទាមទារលុយជំនួសវិញ រហូតដល់យប់ថ្ងៃកើតហេតុ ផ្ទុះរឿងបង្កហិង្សាជាមួយប្អូនប្រុសរបស់ខ្លួន ដោយសារលុយ២០ដុល្លារ របស់គេទៅវិញ ។
វត្តមានភាគីសងខាង នៅប៉ុស្តិ៍ប៉ូលីស នាព្រឹកថ្ងៃទី១៨ ខែមីនានេះ អំណះអំណាងមានរៀងខ្លួន ក្រោមការសម្របសម្រួល របស់នគរបាល ខណៈភាគីទាំងអស់សុទ្ធតែមនុស្សស្គាល់គ្នា អតីតរួមការងារជាមួយគ្នា ទុកឲ្យចរចាគ្នា រកដំណោះស្រាយដោយសន្តិវិធី តែដោយសារនិយាយមិនត្រូវគ្នា ម្ខាងប្រកែក ម្ខាងប្រកាន់ ទើបនគរបាលឃាត់ខ្លួនជនបង្ក ឈ្មោះ ប៊ិន សំបូរ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីសាកសួរបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ