ខេត្តកណ្តាលៈ យុវជន២នាក់បានស្លាប់តែមួយប៉ព្រិចភ្នែក បន្ទាប់ពីត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបុក ខណៈកំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នោះទី១-ឈ្មោះ មុំ សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ មានទីលំនៅភូមិត្រពាំងមន្រ្តី ស្រុកបន្ទាយមាស ខេត្តកំពត ទី២-ឈ្មោះ ជឹម រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅភូមិស្រែរណូង ស្រុកត្រាំកត់ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-9700 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-5649 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ខណៈជិះដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតជិះស្របទិសគ្នា បណ្តាលឲ្យរេចង្កូតទៅឆ្វេងដៃស្របពេលនោះរថយន្តហ៊ីយ៉ាន់ដាយបើកច្រាស់ទិសគ្នាមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏បុកជនរងគ្រោះទាំង២នាក់ពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត បានចុះគេចខ្លួនបាត់ស្រមោល រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ