ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួន៤នាក់ និងដោះលែង២នាក់ ពាក់ព័ន្ធនឹងករណីកែច្នៃគ្រឿងរំសេវបំផ្ទុះនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជន៦នាក់ ដែលកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅស្រុកបាណន់ ពាក់ព័ន្ធនឹងការកែច្នៃគ្រឿងរំសេវបំផ្ទុះខុសច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនោះ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងចំណោមពួកគេទាំង៦នាក់នោះ ៤នាក់ត្រូវបានតុលាការសម្រេចយកទៅឃុំខ្លួនក្នុងពន្ធនាគារ ចំណែក២នាក់ទៀត ត្រូវបាននដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ដោយសារពួកគេទាំង២នាក់នៅជាអនីតិជន។

ករណីដែលមានយុវជនចេះកែច្នៃគ្រឿងរំសេវបំផ្ទុះ ផលិតជាគ្រាប់បែកនៅខេត្តបាត់ដំបង គេជឿជាក់ថា ពិតជាមានអ្នកនៅពីក្រោយខ្នងនៃការបង្ហាត់បង្រៀនបច្ចេកទេសកែច្នៃគ្រឿងរំសេវបំផ្ទុះ ដល់យុវជនទាំងនោះ គេមិនដឹងថា ជននោះមានគោលបំណងអ្វីនៅឡើយនោះទេ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកចាប់ឃាត់ខ្លួនអ្នកបច្ចេកទេសបង្ហាត់បង្រៀនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះហើយ ។ ទន្ទឹមនោះ សមត្ថកិច្ចរកឃើញដកហូតបានគ្រាប់រំសេវកែច្នៃជាប្រភេទគ្រាប់បែករុំថង់ផ្លាស្ទិច២គ្រាប់ ។

យុវជន៤នាក់ រងការឃុំខ្លួនមានឈ្មោះ ១,អ៊ុន នេត ភេទប្រុស អាយុ១៨ឆ្នាំ ប្រកបមុខរបរកម្មករ ២,អ៊ន សុភាពហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ ប្រកបមុខរបរ កម្មករ ៣,មេត ភារៈ ភេទប្រុស អាយុ១៦ឆ្នាំ ប្រកបមុខរបរសិស្ស ៤,សំ ចាន់រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ១៥ឆ្នាំ ប្រកបមុខរបរសិស្ស យុវជនសង្ស័យរងការចោទប្រកាន់ខាងលើ រស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ចំណែកយុវជន២នាក់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំមានឈ្មោះ ១,ឃ្លីម ភេទប្រុស អាយុ១២ឆ្នាំ ២,លៀប ផុន ភេទ្រុសអាយុ១៣ឆ្នាំ ប្រកបមុខរបរសិស្ស រស់នៅភូមិតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា កម្លាំងនគរបាលចុះឃាត់ខ្លួនយុវជនខាងលើក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក្រោយពីប្រប្រជាពលរដ្ឋរាយការណ៍មកថា មានយុវជនខាងលើបានប្រើប្រាស់គ្រាប់បែកកែច្នៃបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនោះ ។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ការកែច្នៃគ្រាប់រំសេវជាតិផ្ទុះខាងលើពួកគេផលិតឡើងដើម្បីគំរាមគំហែងគូទំនាស់របស់ខ្លួនប៉ុន្តែមិនទាន់បង្កឱ្យគ្រោះថ្នាក់ដល់អ្នកណាម្នាក់នៅឡើយនោះទេ ដោយពួកគេចេះបច្ចេកទេសផលិតគ្រាប់រំសេវផ្ទុះតៗគ្នាពីអ្នកនៅក្នុងភូមិ។

លោកបញ្ជាក់ឱ្យដឹងទៀតថា គ្រាប់រំសេវកែច្នៃខាងលើអាចបង្កឱ្យគ្រោះថ្នាក់ដល់សន្តិសុខ បើសិនការកែច្នៃនោះផ្សំគ្រឿងរំសេវបង្កគ្រោះថ្នាក់ជាងនេះថែមទៀត ។ គ្រាប់រំសេវកែច្នៃនោះ ផលិតពីគ្រាប់ផាវគ្រាប់បែក ហើយផាវគ្រាប់បែកនោះកាលពីថ្ងៃចូលឆ្នាំប្រពៃណីជនជាតិចិន កាលពីកន្លងទៅនេះ មានឥទ្ធិពលបង្កឱ្យយុវជនម្នាក់រងរបួសដាច់ដៃ ខណៈដែលយុវជនរូបនោះលេងដុតផាវក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិន៕ សំ វិច្ឆិកា

IMG_9432 IMG_9433


ចែករំលែក៖