ភ្នំពេញ ៖ បុរសម្នាក់ត្រូវម្តាយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនខណៈរូបគេបានផឹកស៊ីស្រវឹងហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បុរសដែលឃាត់ខ្លួននោះមានឈ្មោះ ខៀវ វិច្ឆិកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ១៥៨ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្តាយមានឈ្មោះ ខៀវ សំអឿន អាយុ៦៩ ឆ្នាំ មុខរបរអនាម័យក្នុងរោងចក្រ ស្នាក់ផ្ទះលេខ១៥៨ ភូមិបូរីកម្មករ សង្កាតទឹកថ្លា ខណ្ឌសែនសុខ។
បើតាមសម្ដីរបស់ម្ដាយ បានប្រាប់ថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ថ្ងៃនេះ គឺមិនបានទៅធ្វើការនោះទេ ហើយក្រោយមកកូនរបស់គាត់បានទិញស្រាយកមកផឹកក្នុងផ្ទះរហូតស្រវឹងលែងដឹងអី ហើយក៏ចាប់ផ្ដើមវៃរបស់របរក្នុងផ្ទះខ្ទេចគ្មានសល់ ។
ប្រភពបន្តទៀតថា កូនប្រុសរបស់គាត់គឺឲ្យតែផឹកស្រវឹង ដឹងតែវៃកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះរហូតជាច្រើនលើកច្រើនសារហើយ នេះជាទំលាប់អាក្រក់របស់កូនប្រុសរបស់គាត់នេះ គឺមានរយះពេលមួយឆ្នាំមកហើយ តែកន្លងមកមិនសូវធ្ងន់ធ្ងរដូចនេះឡើយ ហើយដោយសារតែគាត់ខ្លាចពាក្យគំរាមរបស់កូនគាត់ថា និងដុតផ្ទះចោល ទើបគាត់រត់ទៅហៅសមត្ថកិច្ច ដែលនៅប្រចាំការនៅក្បែរនោះអោយចុះមកឃាត់ខ្លួនកូនប្រុសម្នាក់នេះ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។
គួរបញ្ជាក់ថា អាកប្បកិរិយារបស់ជនបង្កម្នាក់នេះ ពេលមកដល់ប៉ុស្ដិ៍នគរបាលហើយគឺមានចរិកកោងកាចមិនខ្កាចសមត្ថកិច្ចសោះឡើយ ហើយថែមទាំងស្រែកជេរម្ដាយនិងហៅម្ដាយរបស់ខ្លួនថា «មី»ទៀតផង ។
ក្រោយពីសាកសួរររួចមកជនបង្កខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា