ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះ៣(ស្រី២ ប្រុស១) កើតក្នុងគ្រួសារកសិករនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យស្រុករមាសហែក ខណៈស្ត្រីម្នាក់បានឆ្លងទន្លេប្រសូតបានទារកទារិកា៣នាក់ កាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

យោងតាមបុរសជាប្ដីឈ្មោះ លី ចិន អាយុ២៣ឆ្នាំ មុខរបរកសិករបានឲ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធឈ្មោះ ចាន់ ឡុងនី អាយុ១៨ឆ្នាំ រស់ក្នុងភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក បានជាងមួយឆ្នាំមកហើយ ។

ប្រភពបន្តថា ប្រពន្ធគាត់បានយល់សប្តិឃើញមានមនុស្សបានឲ្យចិញ្ចៀន៣វង់ ដល់ប្រពន្ធ ពាក់លើម្រាមដៃ ខណៈបានចិញ្ចៀន ត្រេកអរយ៉ាងខ្លាំងហើយក៏បានភ្ញាក់ដឹងខ្លួនឡើង ប្រាប់ដល់គាត់ជាប្ដីទាំងព្រឹក ។

ប្រភពបន្តថា ស្រាប់តែនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ប្រពន្ធបានឈឺពោះហើយក៏បានឲ្យគាត់ និងក្រុមគ្រួសារប្រញាប់ដឹកមកកាន់មន្ទីរពេទ្យស្រុករមាសហែកភ្លាមៗ រហូតមកដល់ម៉ោង១២ ក៏ប្រសូតបានទារកទារិកា៣នាក់ ហើយត្រូវបានដឹកបន្តមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងតែម្ដង ។

យោងតាមគ្រូពេទ្យផ្នែកកុមារនៃមន្ទីរពេទ្យ ខេត្តស្វាយរៀង បានឲ្យដឹងថា ទារក ទារិកាទាំង៣គឺមានទម្ងន់មួយគីឡូក្រាម និងមួយគីឡូក្រាម ២ខាំ ដោយគ្រូពេទ្យបាននិងកំពុងដាក់កំដៅ និងដាក់សេរ៉ូមនៅឡើយ រីឯម្ដាយគឺមានសុខភាពធម្មតាកំពុងសំរាកក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងផងដែរ ៕ យឹម សុថាន

gc (1) gc (2) gc (3) gc (4)


ចែករំលែក៖