ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តបើកច្រាស់ទិសគ្នាពេញមួយទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា បុរសដែលបើកម៉ូតូទៅបុករថយន្តគេបណ្តាលឲ្យរងរបួសខ្លួនឯងនោះឈ្មោះ វ័រ វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល1Q-0048 ។ ចំណែកឯរថយន្តម៉ាកតាកូម៉ា ពណ៌ស គ្មានស្លាកលេខ (ទើបទិញបានជិតមួយខែ) បើកបរដោយឈ្មោះ ហ៊ីម ប៊ុនហៃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញបុរសរងគ្រោះខាងលើនេះ ជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ។ លុះបើកដល់ចំណុចកើតហេតុបុរសរងគ្រោះបានបន្ថែមល្បឿនឡើងជែងមធ្យោបាយនៅខាងមុខ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តតាកូម៉ាដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យរងរបួសខ្លួនឯងយ៉ាងធ្ងន់តែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំសៀមរាប ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយភាគីម៉ូតូបើកេជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជែងមិនផុតក៏ជ្រុលចង្កូតទៅបុករថយន្តដែលបើកបរច្រាស់ទិសគ្នាយ៉ាងដូច្នេះ ៕ស្អាងជ័យ