ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន១៥នាក់ដែល គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ និងឃ្លាំងឈ្មោះតាំពេជ្រ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅ វេលាម៉ោង០៩ និង ៤៥ នាទីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ និងឃាត់ខ្លួននាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងចុះប្រតិបត្តិការណ៍ពិនិត្យឃើញមានជនបរទេសចំនួន ១៩នាក់ ( ប្រុស)ជាជនជាតិវៀតណាមចំនួន១៥នាក់ ( គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ) និងជនជាតិថៃចំនួន ០៤នាក់ មានលិខិតឆ្លងដែន( ០៤ក្បាល) ប្រើប្រាស់ទិដ្ឋាការ (E) មានសុពលភាព គ្មានសៀវភៅការងារ (ទាំង០៤នាក់)។
ក្រោយពីចុះពិនិត្យជាក់ស្តែងរួចជនបរទេសចំនួន ១៥នាក់ ( ប្រុស) ជាជនជាតិវៀតណាម ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ