ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់មួយ ដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ រួមនិងហ្គេមស៊ីសងគ្រប់ប្រភេទផងដែរ ដោយសារតែវាជាដើមចមបណ្តាលអោយមានបទល្មើសគ្រប់ប្រភេទកើតឡើងក្នុងសង្គម ហើយជុំវិញវិធានការនេះលោកប៉ា សុជាតិវង្ស ក៏បានដាក់ឱសានវាទ សម្រាប់សមត្ថកិច្ចប៉ូលីស និងប៉េអុឹមផងដែរ ក្នុងការរាយការណ៍ពីទីតាំងបនល្បែងស៊ីសងនិងហ្គេមគ្រប់ប្រភេទទាំងនោះ មុននឹងឈានដល់ការបង្ក្រាបអោយអស់ដល់ឬសគល់។
លោកប៉ា សុជាតិវង្ស បាដាក់ចេញជាវិធានការក្តៅបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០១៧ ដោយមានការចូលរួមប្រជុំពីមន្ត្រីក្រោមឱវាទ កម្លាំងប្រដាប់អាវុធទាំង២ភេទ មន្ទីរពាក់ព័ន្ធនិងស្ថាប័ណតុលាការផងដែរ សំដៅធ្វើយ៉ាងអនុវត្តអោយបាននូវគោលនយោបាយទាំង៩ចំណុចរបស់ភូមិ សង្កាត់មានសុវត្ថិ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។
លោកប៉ា សុជាតិវង្សបានមានប្រសាសន៍ថា កន្លងមកនេះលោកមិនធ្លាប់បានទទួលរាយការណ៍ពីសមត្ថកិច្ចប៉ូលីស និងប៉េអឹមជុំវិញល្បែងស៊ីសងនិងហ្គេមគ្រប់ប្រភេទនេះទេ ដោយថ្នាក់ក្រោមតែងនិយាយថា ហ្គេមជាល្បែងលេងកំសាន្តមិនមែនជាប្រភេទល្បែងស៊ីសង ប៉ុន្តែជាក់ស្តែងសុទ្ធតែជាប្រភេទហ្គេមភ្នាល់ស៊ីសង ដូចល្បែងហ្គេមបាញ់ត្រីជាដើម។
ជុំវិញបញ្ហានេះលោកទុកអោយសមត្ថកិច្ចប៉ូលីស និងប៉េអឹមមួយសប្តាហ៍ ដើម្បីរាយការណ៍ពីល្បែងស៊ីសងនិងហ្គេមគ្រប់ប្រភេទ មុននឹងឈានដល់ការបង្ក្រាបអោយអស់ហ្គេមត្រូវបិទអោយអស់ ដោយសារហ្គេមទាំងនេះសុទ្ធតែជាល្បែងស៊ីសង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ កន្លែងហ្គេមទាំងនេះ ក៏ជាកន្លែងប្រមូលផ្តុំសេពនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មផងដែរ ។លោកថា បើឆ្លើយថាមានក៏បាន ឆ្លើយថា អត់ក៏បាន រដ្ឋបាលរាជធានីនឹងចាត់ការភ្លាម សំដៅយ៉ាងណាត្រូវប្រើប្រាស់យុទ្ធនាការបង្ក្រាបអោយខាងតែបាន។
ក្រៅពីនេះលោកក៏បានលើកឡើងពីការលួចទឹកនិងភ្លើងរបស់រដ្ឋលួចថែមទៀត ដែលធ្វើអោយរដ្ឋខាតបង់ច្រើន ។ជុំវិញបញ្ហាអគ្គីភ័យវិញយើងត្រូវតែរកដៃគូឯកជនហើយដើម្បីគ្រប់គ្រង លើបង្ការទប់ស្កាត់កុំអោយអគ្គីភ័យកើតឡើង ដូចជាការបំពាក់បំពង់ពន្លត់អគ្គីភ័យតាមផ្ទះជាដើម៕ សំរិត