ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញបង់លុយឲ្យគយរាល់ខែបែរជាចាប់ ទៀត

ចែករំលែក៖

ខេត្តកោះកុង ៖ ក្រោយពេលសមត្ថកិច្ច សាខាគយនិងរដ្ឋាករខេត្តកោះកុងបានឃាត់ ទូកដឹកទំនិញគេចពន្ធចេញពីប្រទេសថៃមក កាន់ទីរួមខេត្តកោះកុង ស្រាប់តែបែកធ្លាយរឿងអាស្រូវរបស់សមត្ថកិច្ចការិយាល័យ គយនិងរដ្ឋាករប៉ាក់ខ្លងដាក់ខែពីឈ្មួញរកស៊ីដើម្បីជាថ្នូរនឹងការបើកដៃឲ្យរកស៊ីរត់ ពន្ធបានដោយសេរីដោយមិនមានការត្រួតពិនិត្យ ។

ប្រភពពីម្ចាស់ទូកដែលសមត្ថកិច្ចឃាត់កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានថ្លែងថា កន្លងមកគាត់រកស៊ីដឹកទំនិញគេចពន្ធរយៈពេលជាង១ឆ្នាំមកហើយ ដោយអាងលើខ្នងបង្អែកឈ្មោះ ប្រាក់ សាវ័ន្ត ប្រធានការិយាល័យគយ និងរដ្ឋាករ ប៉ាក់ខ្លងដោយគាត់បានបង់លុយឲ្យក្នុង១ខែ២០ម៉ឺនរៀលនារដូវវស្សាព្រោះមិនសូវមានទំនិញដឹក ហើយត្រូវបង់៤០ម៉ឺនរៀលក្នុង១ខែសម្រាប់រដូវប្រាំង ។

អ្នករកស៊ីដឹកទំនិញខាងលើបានបន្តថា កន្លងមកការរកស៊ីមិនដែលមានបញ្ហាទេ ទើបតែម្តងនេះមិនដឹងថា មកពីមូលហេតុអ្វី បានជាសមត្ថកិច្ចសាខាគយ និងរដ្ឋាករ ខេត្តកោះកុងចាប់ទូករបស់គាត់បែបនេះ ព្រោះកន្លងមកសាខាគយនិងរដ្ឋាករខេត្តកោះកុងធ្លាប់បានហៅគាត់ទៅសាកសួរ ដែរតែគាត់ប្រាប់ថា បានបង់លុយជូន លោក ប្រាក់ សាវ័ន្ត រួចហើយ ។

ប្រភពបន្តថា គាត់ធ្លាប់បានទទូចចង់ ជួបលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងដែរ ព្រោះលោករកស៊ីកំប៉ិកកំប៉ុកមិនមែនទ្រង់ទ្រាយធំដូចជា ក្រុមហ៊ុន ម៉ែអាម៉េង ក្រុមហ៊ុនផេងរស្មីរតនៈ ក្រុមហ៊ុនយាយង៉ែតដែលដឹកជញ្ជូនទំនិញមានទ្រង់ទ្រាយធំនោះទេ តែលោក ប្រាក់ សាវ័ន្ត ថាមិនបាច់ចាំជួបលោក កុសលទេគឺ លោកចេះដោះស្រាយហើយ ។

ជុំវិញការចោទប្រកាន់ខាងលើលោក ប្រាក់ សាវ័ន្ត ប្រធានការិយាល័យគយនិង រដ្ឋាករប៉ាក់ខ្លងបានថ្លែងប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ការដោះស្រាយថ្លៃ បាយទឹកជូនកូនចៅលោកនោះជារឿង របស់លោក។ ចំណែកឯរឿងដែលសាខាចាប់នោះជារឿងរបស់សាខាមិនពាក់ព័ន្ធ នឹងលោកកាសែតទេ ។

លោកបានបន្តថា លោកបានធ្វើគយ នៅប៉ាក់ខ្លងអស់រយៈពេល៥-៦ឆ្នាំមក ហើយបើអ្នកឯងចង់ដោះស្រាយថ្លៃបាយ ទឹកក៏ដោះស្រាយចុះ ហើយក៏អត់មានចាប់អ្នកឯងដែរអ្នកឯងចង់ធ្វើអីក៏ធ្វើចុះ ព្រោះ លោកខុសពីគយដទៃទៀត ហើយការដែល ថា ឲ្យលុយចំនួន៤០ម៉ឺនមកលោកជាថ្នូរ ក្នុងការមិនចាប់ទំនិញនោះជាការនិយាយផ្តេសផ្តាសនោះទេលោកគ្រាន់តែប្រាប់ថា ផ្លូវនេះជាផ្លូវរកស៊ីរបស់អ្នកឯងអ្នកឯងធ្វើអ្វីអ្នកឯងជាអ្នកទទួលខុសត្រូវដោយខ្លួនឯងកុំមកដាក់បន្ទុកលើរូបលោកអ្នកណាអ្នក រកស៊ីត្រូវទទួលខុសត្រូវដោយខ្លួនឯង ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ទូកដឹកទំនិញ១គ្រឿងបានដឹកទំនិញគេចពន្ធចេញពីប្រទេសថៃមកកាន់ទីរួមខេត្តកោះកុង តែត្រូវបានសមត្តកិច្ច សាខាគយនិងរដ្ឋាករខេត្តកោះកុងធ្វើការស្ទាក់ចាប់នៅចំណុចភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តែមកទល់ នឹងពេលនេះការចាប់មានរយៈពេល៥ថ្ងៃមកហើយតែសមត្ថកិច្ចសាខាគយនិងរដ្ឋាករខេត្តកោះកុងនៅតែព្យាយាមលាក់បាំងមិនបង្ហាញតួលេខនិងមុខទំនិញឲ្យសាធារណ ជនបានដឹងនៅឡើយទេ។

ទោះជាយ៉ាងណាក្តីមានមន្ត្រីមួយចំនួន តូចបានលួចបង្ហើបថា ទំនិញទាំងនោះភាគ ច្រើនជាគ្រឿងអេឡិចត្រូនិក ៕ ហេង សូរិយា

 


ចែករំលែក៖