ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២២ ខែមីនា ចាប់ផ្ដើមកាត់ទោសលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ខណៈសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មាន ។
មន្ត្រីនគរបាលប្រចាំការនៅតុលាការកំពូល បញ្ជាក់ថា ការរឹតបន្តឹងចំពោះអ្នកសារព័ត៌មាន នេះ ព្រោះតែថ្មីៗនេះ លោក ហេង ពៅ បាននិយាយច្រើនដែលសុទ្ធសឹងជារឿងរសើប ។ ដូច្នេះដើម្បីកុំឲ្យអ្នកសារព័ត៌មាន ចាប់មុំព័ត៌មានសំខាន់ៗបាន មានតែហាមមិនឲ្យអ្នកសារព័ត៌មានចូលតុលាការ ។ តែបើចូល ត្រូវដកកាមេរ៉ា ទូរស័ព្ទ និង ម៉ាស៊ីនថតសំឡេងទុកកន្លែងប៉ូលិស ។ ក្រុមអ្នកសារព័ត៌មាន សម្តែងការខកចិត្តចំពោះការហាមប្រាមនេះ ។
គួរបញ្ជាក់ថា សវនាការកាត់ទោសលោកហេង ពៅ នាពេលនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានសម្រេចដូចគ្នា ផ្តន្ទាទោសលោក ហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ តែលោកមិនសុខចិត្តបានប្តឹងសាទុក្ខមកតុលាការកំពូល ។
លោក ហេង ពៅ ជាប់ចោទពីបទ ” រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ” ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ស្រុកតាខ្មៅ ( បច្ចុប្បន្នជាក្រុងតាខ្មៅ ) ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ ។
សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕ ចេស្តា