ខេត្តកណ្តាលៈ ជនល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង និងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានជាបន្តបន្ទាប់នៅគោលដៅ២កន្លែងផ្សេងគ្នា ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ , រថយន្តមួយគ្រឿង និងវត្ថុតាងតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
គោលដៅបង្រ្កាបទៅ១-នៅត្រង់ចំណុចកែងសេះ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ កាលពីវេលាម៉ោង១៩ និង១៥នាទី ថ្ងៃតី២១ ខែមីនា ឆ្នាំ២០១៧ ចាប់ខ្លួនបានជនល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ,ទូរស័ព្ទដៃម៉ាកណូគាចុចពិល២គ្រឿង និងរថយន្តមួយគ្រឿង ម៉ាកកូឡូឡា ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ គ.០៤៩៤-ភព២ ។
ជនល្មើស២នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១ឈ្មោះ ជ័យ សុខរ៉ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ទី២-ឈ្មោះ ចាយ វិវឌ្ឍ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលបើករថយន្តឲ្យគេ ។ ជនល្មើសទាំង២នាក់មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
គោលដៅបង្រ្កាបទី២-នៅលើកំនាត់ផ្លូវលំ ស្ថិតក្នុងភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង២១ និង៣៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចាប់ខ្លួនបានជនល្មើសម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ ,ទូរស័ព្ទដៃ ម៉ាកណូគាចុចពិល១គ្រឿង ។
ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ជឿន ផល្លី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ។ ម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ង៉ុយ លីដា ហៅលី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ។
មន្ត្រីនគរបាលស្រុកពញាឮបានបញ្ជាក់ថា ជនល្មើសទាំង៣នាក់ និងវត្ថុតាងពាក់ព័ន្ធខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ