ព័ត៌មានទាន់ហេតុការណ៍៖

ឃាតក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​​

ចែករំលែក៖

ភ្នំពេញ៖ទីបំផុត ឃាតកដែលសម្លាប់លោកបណ្ឌិតកែម ឡី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ ប៉ុន្តែមេធាវីការពារក្ដី សម្តែងការសោកស្ដាយដែលតុលាការមិនផ្ដល់ស្ថានសម្រាលទោសដល់កូនក្ដី ។

លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ អឿត អាង ហៅជួប សម្លាប់ ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់ តាមមាត្រា២០០និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។

លោក យុង ផានិត មេធាវីការពារក្ដីជនជាប់ចោទ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការសម្រេចបំបែកសំណុំរឿងបន្ថែម ដើម្បីស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលផ្តល់អាវុធដល់ ជួប សម្លាប់ និង អត្តសញ្ញាណអ្នកដែលនាំជួប សម្លាប់ ឲ្យស្គាល់បណ្ឌិត កែម ឡី ។

ពាក់ព័ន្ធករណីនេះ ពុំទាន់អាចទំនាក់ទំនងលោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ។

នាសវនាការកន្លងទៅ ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅតែសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ហើយសកម្មភាពនេះ គឺ ខ្លួនធ្វើតែម្នាក់ឯង ពុំមានអ្នកនៅពីក្រោយខ្នងនោះទេ ។

ជនជាប់ចោទ ជួប សម្លាប់ អះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់លោកបណ្ឌិត កែម ឡី ព្រោះខឹងនឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣០០០ដុល្លារ មិនព្រមសង ទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តង ។

នៅក្នុងពេលសវនាការ តុលាការក៏បានបង្ហាញកាមេរ៉ាសុវត្ថិភាពនៅបរិវេណក្នុងស្តារម៉ាត រហូតដល់ចំណុចមុខវត្តស្វាយពពែ ដែលបង្ហាញថា ក្នុងអំពើឃាតកម្មនេះ គឺ មានតែជនជាប់ចោទ ជួប សម្លាប់ ម្នាក់ប៉ុណ្ណោះ ។ រីឯ ក្រយៅដៃលើកាំភ្លើង ត្រូវបានលទ្ធផលកោសល្យវិច័យបង្ហាញថា ពិតជាក្រយៅដៃរបស់ ជួប សម្លាប់ ពិតប្រាកដមែន ។

អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕ ចេស្តា

sss

ae 1


ចែករំលែក៖