ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ សមិទ្ធផល ថ្មីៗជាច្រើន កើតនៅវត្ដសែនសុខ នេះ ដោយ សារប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ក្រោម ការ ដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបហេដ្ឋារចនាសម្ពន្ធ័ ទាំងវិស័យ អាណាចក្រ និងពុទ្ធចក្រ នៅគ្រប់ទីកន្លែង មានការរីកដុះដាល ។
លោកប៉ា សុជាតិវង្ស អភិបាលរាធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក ចូលរួមជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានាវត្ដ សែនសុខ ដែលចំណាយថវិកា អស់ ២០ម៉ឺនដុល្លារ បានមកពីសទ្ធាជ្រះថ្លា ពុទ្ធបរិស័ទ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ មីនា ឆ្នាំ ២០១៧ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា ៖ វិស័យព្រះពុទ្ធសាសនា និងអាណាចក្រ ដើរ ទន្ទឹម គ្នា បើវិស័យ អាណាចក្រ រីកចម្រើន វិស័យពុទ្ធចក្រក៏រីកចម្រើន ដែរ ។ តែយើង ក៏មិនភ្លេច អ្នកដែល រុញនាវាកម្ពុជាយើង ឲ្យទទួល បានការ រីកចម្រើន លើគ្រប់វិស័យ រហូតដល់សព្វថ្ងៃនេះដែរ ។
លោក ប៉ា សុជាតិវង្ស ក៏បានសំណូមពរ ឲ្យ ព្រះសង្ឃ ត្រូវ ចូលរួម ជាមួយរាជរដ្ឋាភិបាល នូវគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ បច្ចុប្បន្ននេះ វត្ដអារាម មានការ រីកចម្រើន ដោយសារជីវភាព ប្រជាពលរដ្ឋធូរធារ និងសម្បូរសម្បាយ អាស្រ័យប្រទេសជាតិមាន សុខសន្ដិភាព ពេញលេញ ទាំងនេះ ក៏មានការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ។
លោកបន្ដថា៖ ពុទ្ធចក្រ និងអាណាចក្រ គឺអាស្រ័យគ្នាទៅវិញទៅមក បើប្រទេសជាតិគ្មានសន្តិភាព សាសនាក៏មិនអាចរីកលូតលាស់បានដែរ ។ ក្រោមម្លប់សន្តិភាព នៃនយោ បាយសុខដុមនីយកម្មសាសនា កម្ពុជាបានបើកទូលាយឱ្យមានគ្រប់សាសានាទាំងអស់អាចរស់នៅជាមួយគ្នាបាន។
ជំនឿយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា បានធ្វើឱ្យវិស័យនេះរីកចម្រើន និងអភិវឌ្ឍន៍គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បាន បញ្ជាក់ថា ៖ វត្តសែនសុខ ត្រូវបានកកើតឡើងតាំងពីឆ្នាំ២០០៩ ហើយព្រះវិហារដែលត្រូវរៀបចំពិធីកាត់ខ្សែបូ និងកាត់ឫសសីមានាពេលនេះ មានបណ្ដោយ ២៣ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ កម្ពស់២ជាន់ ដែលត្រូវបានសាងសង់រួចរាល់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ចំណាយថវិកា អស់ ២០ម៉ឺន ដុល្លារ ជាសទ្ធាជ្រះថ្លា របស់ ឧបាសក ឧបាសិកា សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ គ្រប់ទិសទី ចូលរួមកសាង ។
ជាមួយនេះ ក្រៅពីសមិទ្ធផលនៅក្នុងវត្តសែនសុខ នៅ ក្នុង ខណ្ឌសែនសុខ ក៏នៅមានសមិទ្ធផលជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់អភិបាល របស់ក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ឃុំ ភូមិ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ឥតឈប់ ឈរ ព្រមទាំងជួយលើការងារមនុស្សធម៌ជាច្រើនទៀត ដែលជាសក្ខីភាពឆ្លុះបញ្ចាំង ឲ្យឃើញនូវលទ្ធផលរីកចំរើននៃការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ៕ សំរិត