ខេត្តកណ្តាលៈ ក្មេងស្រីម្នាក់ទើបតែមានអាយុ១២ឆ្នាំសោះ បានរងគ្រោះដោយត្រូវជនសង្ស័យនាំពីស្រុកខ្សាច់កណ្តាលឆ្លងកំពង់ដរជ្រោយអំពិល មកឡើងផ្ទះសំណាក់មួយកន្លែងក្បែរផ្សារសូរិយា ក្រុងភ្នំពេញ ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច៣លើក ។
ករណីនេះត្រូវបានស្ត្រីជាម្តាយក្មេងស្រីរូបនេះប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ក្មេងស្រីវ័យ១២ឆ្នាំនេះ បានចាញ់ល្បិចជនសង្ស័យជិះម៉ូតូឌុបគ្នាចេញពីភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផល វិត ហៅភេទ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បំរើការងារនៅក្នុងភោជនីយដ្ឋានតាថាងស្ថិតនៅរាជធានីភ្នំពេញ មានទីលំនៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ស ស.ល អាយុ១២ឆ្នាំ ។
ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បាត់ក្មេងស្រីរងគ្រោះមិនឃើញត្រឡប់ទៅផ្ទះវិញ ទើបស្ត្រីជាម្តាយដើរតាមរក បន្ទាប់ពីសួរនាំម៉ូតូឌុបនៅត្រង់ចំណុចកំពង់ចម្លងស្វាយជ្រំ ដឹងថាកូនស្រីរបស់ខ្លួនជិះម៉ូតូទៅជាមួយជនសង្ស័យរួចមក ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
បន្ទាប់ពីទទួលបានពក្យបណ្តឹងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានសហការជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះឈានដល់ទៅនាំខ្លួនជនសង្ស័យ និងក្មេងស្រីរងគ្រោះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ផល វិត ហៅភេទ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា រូបគេនិងក្មេងស្រីរងគ្រោះបានលួចទំនាក់ទំនងស្រលាញ់គ្នា លុះមកដល់រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ រូបគេបានណាត់ជួបក្មេងស្រីរងគ្រោះនៅត្រង់ចំណុចកំពង់ចម្លងស្វាយជ្រំ ។ ជនសង្ស័យបានបន្តថា បន្ទាប់ពីជួបគ្នារូបគេបានជិះម៉ូតូដឹកក្មេងស្រីរងគ្រោះឆ្ពោះទៅរាជធានីភ្នំពេញ និងព្រមព្រៀងគ្នាឡើងផ្ទះសំណាក់មួយកន្លែងស្ថិតនៅម្តុំផ្សារទំនើបសូរិយា ។
គ្រាដែលនៅក្នុងបន្ទប់ផ្ទះសំណាក់តែ២នាក់ រូបគេបានរួមភេទជាមួយក្មេងស្រីរងគ្រោះ រហូតបានសម្រេចចំនួន៣លើក ទើបដឹកដៃគ្នាចុះពីបន្ទប់ផ្ទះសំណាក់នៅយប់ថ្ងៃដដែល រហូតដល់វេលាម៉ោងប្រមាណ១២រំលងអធ្រាត ទើបមានសមត្ថកិច្ចនគរបាលនិងក្រុមគ្រួសារក្មេងស្រីរងគ្រោះតាមទៅនាំខ្លួនរូបគេ និងក្មេងស្រីរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលតែម្តង ។
ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលកសាងសំណុំរឿងពីបទរួមភេទជាមួយអនីតិជន ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ