ភ្នំពេញ ៖ ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ត្រូវបានសន្តិសុខចាប់វាយឲ្យរងរបួសធ្ងន់ ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទប់ពីពួកគេឡើងទៅវីឡាមួយកន្លែង ដែលទើបតែសង់ថ្មី ក្នុងបំណងលួចយកទ្រព្យសម្បត្តិ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុច ផ្ទះវីឡាទើបសាងសង់ថ្មី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើមាន ឈ្មោះ លីម សល់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនិងមាន ស្រុកកំណើត ភូមិអារក្ស ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសន្តិសុខ ដែលយាមនៅក្នុងសំណង់ផ្ទះវីឡា ទើបសាងសង់ថ្មីនោះ បានឮសំឡេងដូចជាមានគេឡើងលើផ្ទះពេលនោះរូបគាត់បានងើបពីកន្លែងសំរាកឡើងទៅខាងលើ ក៏ប្រទះឃើញជនសង្ស័យពីរនាក់កំពុងតែដើរចុះដើរឡើងក្នុងបំណងលួចយកទ្រព្យសម្បត្តិ ពេលនោះសន្តិសុខបានស្រែកសួរនាំ ស្រាប់តែជនសង្ស័យទាំងពីរនាក់នោះ បានព្រួតវៃគ្នាវាយសន្តិសុខម្នាក់នោះ ពេលនោះក្រុមសន្តិសុខក៏នាំគ្នាឡើងមកជួយវាយជនសង្ស័យវិញ។
ពេលនោះ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានរត់គេចខ្លួនបាត់ស្រមោលនៅសល់តែបក្ខពួកម្នាក់រត់មិនរួច ក៏ត្រូវក្រុមសន្តិសុខព្រួតវាយឡើងទ្រមខ្លួន និងរងរបួសបែកក្បាល ។ ចំណែកសន្តិសុខម្នាក់ទៀត ក៏រងរបួសធ្ងន់ដែរ ត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរសូវៀតផងដែរ ។
ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យព្រះកុសមៈដើម្បីព្យាបាល និងបញ្ជូនបន្តយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីសាកសួរ៕ តុង សីហា