ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតីកូរ៉េខាងត្បូងអាចនឹងត្រូវចាប់ខ្លួន

ចែករំលែក៖

ក្រុមរដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ព្រហ្មទណ្ឌ១៣ករណី លើលោកស្រី អតីត ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun Hye ក្នុងនោះមាន អំពើពុករលួយ ការកេង ប្រវ័ញ្ចអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

ជាមួយគ្នានេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង អាចនឹង ស្នើឲ្យចាប់ឃុំខ្លួនលោកស្រីអតីតប្រធានាធិបតី ក្រោយពេលធ្វើការសាកសួរ ពាក់ព័ន្ធនឹងអំពើពុករលួយ បង្កឲ្យមានវិបត្តិ នយោបាយជាទ្រង់ទ្រាយធំនៅក្នុងប្រទេស។ នៅពេលនេះលោកស្រី Park Geun Hye មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ដោយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយ ពេលសាកសួរជាច្រើនម៉ោង កាលពីម្សិល មិញ។

នៅពេលនេះគេមិនទាន់ដឹងថា លោក ស្រី Park Geun Hye អាចឆ្លើយបំភ្លឺទៅកាន់ ក្រុមរដ្ឋអាជ្ញានូវអ្វីខ្លះនោះឡើយ ប៉ុន្តែតាំង ពីដើមរហូតមកទល់ពេលនេះ លោកស្រីនៅតែប្រកាន់ជំហរច្រានចោលរាល់ការចោទប្រកាន់ទៅលើលោកស្រី។

ចំណែកក្រុមរដ្ឋអាជ្ញាវិញ ក៏មិនទាន់ សម្រេចថាតើគួរតែចេញច្បាប់ចាប់ឃុំខ្លួនលោកស្រី Park Geun Hye ដែរឬទេ? ប៉ុន្តែក្រុមរដ្ឋអាជ្ញានឹងសម្រេចក្នុងពេល ឆាប់ៗខាងមុខ ក្រោយត្រួតពិនិត្យទៅតាមផ្លូវ ច្បាប់បានល្អិតល្អន់ហើយនោះ។

នេះជាលើកទីមួយហើយ ដែលក្រុម រដ្ឋអាជ្ញា បានសួរចម្លើយលោកស្រី Park Geun Hyeដោយផា្ទល់ក្នុងនាមជា អ្នក ទោសព្រហ្មទណ្ឌ ក្រោយពេលតុលាការ រដ្ឋធម្មនុញ្ញ បានសម្រេចឲ្យមានការសាកសួរចោទប្រកាន់ទោសទៅលើលោកស្រី។ តុលាការបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដល់ទៅ១៣ករណីក្នុងនោះមានអំពើពុក រលួយនិងការកេងអំណាចដើម្បីផលប្រយោជន៍ជាចំណុចសំខាន់បំផុត ។

កន្លងមកលោកស្រី Park Geun Hye រងមន្ទិលសង្ស័យថា បានរួមគំនិតជា មួយមិត្តភក្តិ គឺលោកស្រី Choi Soon Sil ដើម្បីដាក់គំនាបទៅលើក្រុមហ៊ុនធំៗ ឲ្យ បរិចា្ចគប្រាក់សម្រាប់មូលនិធិឯកជនក្រៅ រដ្ឋាភិបាល។ ប៉ុន្តែ ភាគីទាំងពីរក៏បានច្រានចោលការចោទប្រកាន់ទាំងនោះ ។

ការសម្រេចដកតំណែងប្រធានាធិបតី ពីលោកស្រី Park Geun Hyeគឺជា សេចក្តីសម្រេចជាប្រវត្តិសាស្ត្រ និងជា លើកទីមួយបង្អស់ក្នុងប្រវត្តិកូរ៉េខាងត្បូង សម័យប្រជាធិបតេយ្យ ដែលប្រធានាធិបតីប្រសូតចេញពីការបោះឆ្នោត ត្រូវតុលាការ បណ្តេញចេញពីតំណែង ដោយសេចក្តី សម្រេចចិត្តជាឯកច្ឆន្ទរបស់ចៅក្រមទាំង៨រូបថា លោកស្រីផាក គឿនហេ បានរំលោភ ច្បាប់រំលោភរដ្ឋធម្មនុញ្ញ ដោយបានបណ្តោយ ឲ្យមិត្តជំនិតចូលលូកលាន់ក្នុងកិច្ចការប្រទេសជាតិ និងប្រព្រឹត្តអំពើពុករលួយ។

ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតី តាមប្រព័ន្ធឃោសនាព័ត៌មាន ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ឧសភាខាងមុខ និងក្នុងបរិបទដ៏តានតឹង ដូចជាតានតឹងជាមួយកូរ៉េខាងជើង ដែល ទើបបាញ់សាកល្បងមីស៊ីលជាថ្មី តានតឹងជាមួយចិន ក្រោយពីវ៉ាស៊ីនតោននិងសេអ៊ូល បានសម្រេចដាក់ពង្រាយខែលមីស៊ីល ប្រឆាំង មីស៊ីល នៅកូរ៉េខាងត្បូង។

អ្នកដែលមានប្រជាប្រិយភាពលេចធ្លោខ្លាំងក្នុងការស្ទង់មតិ គឺលោក មូន ជៃអុីន (៣៦%) បេក្ខជនមកពីបក្សប្រជាធិប តេយ្យ ដែលជាបក្សប្រឆាំង និងធ្លាប់ ចាញ់លោកស្រីផាក គឿនហេ ក្នុងសម័យ បោះឆ្នោតឆ្នាំ២០១២។

ចំណែកបក្សអភិរក្សរបស់លោកស្រី ផាក គឿនហេ ហាក់ដូចជាខ្វះមេកោយតំណាងខ្លាំងណាស់ នៅពេលដែលលោក បាន គីមូន អគ្គលេខាធិការអង្គការសហ ប្រជាជាតិ បានប្រកាសមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមក។ លោកនាយក រដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី Hwang Kyo-Ahn បានទទួលប្រជាប្រិយភាពលំ ដាប់ទីពីរ៕ ម៉ែវ សាធី

South Korean President Park Geun-hye adjusts a microphone during an emergency Cabinet meeting at the presidential office in Seoul, South Korea, Friday, Dec. 9, 2016. South Korean lawmakers earlier on Friday impeached Park, a stunning and swift fall for the country's first female leader amid protests that drew millions into the streets in united fury. (Baek Sung-ryul/Yonhap via AP)


ចែករំលែក៖