ភ្នំពេញ៖ ក្មេងស្រីម្នាក់ដែលទើបតែអាយុ១៤ឆ្នាំប៉ុណ្ណោះ ដោយខឹងម្តាយស្តីបន្ទោសរឿងដើរលេងច្រើនមិនចូលផ្ទះ ហ៊ានតមាត់ម្តាយវិញ ខណៈម្តាយវាយពីរបីខ្សែភ្លើង ក៏លួចរត់ចេញពីផ្ទះបាត់មួយយប់ ស្អែកឡើងម្តាយកាន់រូបថតទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីដាក់ពាក្យ បណ្ដឹង កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ សុំឲ្យនគរបាលជួយអន្តរាគមន៍ ស្វែងរក។
ស្រ្តីរូបនោះបានប្រាប់ថា គាត់ឈ្មោះ សូយ នឿន អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិទំពាំងស្រែ ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកកូនស្រីដែលបាត់ទៅនោះមានឈ្មោះផាន ធារី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅជាមួយគាត់នៅភូមិកើតហេតុខាងលើ។
ស្រ្តីជាម្ដាយបាននិយាយថា កូនគាត់បានដើរលេងសេពគប់មិត្តភក្ដិមិនល្អ ចំណែកគាត់បានខំប្រឹងធ្វើការរក ប្រាក់ដើម្បីចិញ្ចឹមនាង និងក្មួយ២នាក់ទៀត ហើយដោយសារខ្លាចកូនដើរផ្លូវខុស មានបញ្ហាដល់ខ្លួន និងខូច កិត្តិយសគ្រួសារ ក៏បានស្ដីប្រដៅ និងណែនាំឲ្យនាងឈប់ដើរលេងឥតប្រយោជន៍តទៅទៀត។ ប៉ុន្តែនាងមិនត្រឹមតែ មិនព្រមស្ដាប់តាមនោះទេ ថែមទាំងតមាត់ទៀត ធ្វើឲ្យគាត់ខឹង ក៏បានទាញខ្សែភ្លើងវាយ២ទៅ៣ខ្សែភ្លើងតែ ម្ដង។
ប្រភពបន្តថា បន្ទាប់មកកូនស្រីគាត់បានលួចរត់ចេញពីផ្ទះបាត់ មិនដឹងថា ទៅទីណាឡើយ ចំណែកគាត់ជាម្ដាយបានខលរក ប៉ុន្តែខលមិនចូលទៀត ទើបធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានកាន់រូបថតកូនមួយសន្លឹក ធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយស្វែងរកកូនស្រីគាត់ផង ៕ សុខាសែនជ័យ