ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទស្រុកឯកភ្នំអះអាងថាបទល្មើសនេសាទនៅតែកើតមានក្នុងតំបន់ដងទន្លេសាប

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជានេសាទនៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចោទប្រកាន់ សមត្ថកិច្ចមូលដ្ឋាននៅស្រុកនេះ ថាមិនទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ។ ពលរដ្ឋអះអាងថា បទល្មើសនេសាទដោយប្រើឧបករណ៍យ៉ាងកាវ ឬការ អូសអួនកើតមានជាច្រើនកន្លែង និង ដោយសេរីនៅតំបន់បឹងទន្លេសាប ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ ដំបងបញ្ជាក់ថា លោកកំពុងញាប់ដៃញាប់ជើងធ្វើការងារនេះជារៀងរាល់ថ្ងៃ ។

ប្រជានេសាទម្នាក់រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ លោក អ៊ន អឿន ឲ្យដឹងថា ទូកកាណូតធំៗជាច្រើនគ្រឿងរបស់ក្រុមអ្នកមានលុយនេសាទ ដោយប្រើឧបករណ៍យ៉ាងកាវគឺការអូសអួន ចម្ងាយប្រមាណ៥០០ម៉ែត្រក្នុងមួយកន្លែង កំពុងធ្វើសកម្មភាពនៅបឹងទន្លេសាបក្នុងភូមិក្បាលតោលយ៉ាងគគ្រឹកគគ្រេង ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នៅឡើយទេ។

លោកអះអាងថា ការនេសាទខុស ច្បាប់នេះ ដោយសារសមត្ថកិច្ចមូលដ្ឋានឃុបឃិតគ្នាជាមួយអ្នកមានលុយ ។ លោក និយាយថា គេបណ្ដាក់គ្នាចេញនេសាទ ម្ដងៗកាណូតប្រហែល១០គ្រឿង ហើយ សមត្ថកិច្ចមិនទប់ស្កាត់សោះ។ ចំពោះអ្នក នេសាទតូចតាច ដូចជាដាក់មងជាដើមគេ បើកកាណូតកាត់ខ្ទេចខ្ទីគ្មានសល់ឲ្យតែ នៅជិតមិនបានទេ ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ ដំបងលោក ជួង សុភា មានប្រសាសន៍ថា មន្ត្រីជលផលពុំមានពាក់ព័ន្ធនឹងផល ប្រយោជន៍ចំពោះការនេសាទខុសច្បាប់ ទាំងនោះឡើយ ហើយលោកថាសមត្ថកិច្ច ក៏កំពុងមមាញឹកទប់ស្កាត់បញ្ហានេះដូចគ្នា ។ លោកបន្តថា “ឥឡូវខ្ញុំមកដល់ផ្ទាល់ហើយ បាទ កាលពីយប់មិញខ្ញុំឃ្លាំមើលអស់មួយយប់ហើយៗព្រឹកមិញសមត្ថកិច្ចរបស់ ពួកខ្ញុំក៏ចាប់បានកាណូតនេសាទមួយក្រុមធំដែរ” ។

តំណាងប្រជានេសាទខេត្តបាត់ដំបង លោក ហុន ហាន កត់សម្គាល់ថា កន្លងទៅយុទ្ធនាការទប់ស្កាត់ការនេសាទខុសច្បាប់ របស់សមត្ថកិច្ចភាគច្រើនធ្វើឡើង បែប គោះទឹកបង្អើលត្រី គឺគ្មានប្រសិទ្ធភាព ឡើយ។ លោកស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធដកមន្ត្រីប្រចាំការនៅ តំបន់បឹងទន្លេសាបឲ្យអស់ ហើយដាក់អ្នក ថ្មីជំនួសវិញ និងមានវិធានការឲ្យបានតឹងរឹុង ជាងពេលបច្ចុប្បន្ន ។

របាយការណ៍ក្រុមប្រឹក្សាស្រុកឯកភ្នំ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់បឹង ទន្លេសាបស្រុកមួយនេះ ប្រមាណជាង ៣ពាន់គ្រួសារ (៣.២០០) រស់នៅពឹងផ្អែកទាំងស្រុងទៅលើរបរនេសាទរកប្រាក់ ចំណូលដោះស្រាយជីវភាពគ្រួសារ។ ពួក គាត់អះអាងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ មិនទប់ស្កាត់ការនេសាទខុសច្បាប់ឲ្យបាន ទាន់ពេលទេ ត្រីនៅតំបន់បឹងទន្លេសាប នឹងហិនហោចក្នុងពេលឆាប់ៗ ហើយនឹងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ របស់ពួកគាត់ ៕ សហការី

 

bat3


ចែករំលែក៖