ខេត្តឧត្តរមានជ័យ ៖ ជារៀងរាល់ថ្ងៃ គេឃើញថា បទល្មើសព្រៃឈើកំពុងកើតមានជាបន្តបន្ទាប់ មិនថាឈើលេខ១ ឬឈើលេខ២ ត្រូវបានក្រុមឈ្មួញប្រមូល ទិញ និងដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ដោយមិនមានមន្ត្រីជំនាញឬស្ថាប័ន ពាក់ព័ន្ធណាចេញបង្ក្រាបនោះឡើយ ។ ជាក់ស្តែងកាលពីយប់ថៃ្ងទី២២ ខែមីនា ឆ្នាំ២០១៧ គេឃើញមានរថយន្តម៉ាក សាំយ៉ុង ពណ៌ស និងពណ៌ខ្មៅ ចំនួន២ គ្រឿង មានផ្ទុកឈើគ្រឿងទ្វារបង្អួចពេញៗបានបើកឆ្លងកាត់ស្រុកត្រពាំងប្រាសាទបោះ ពួយទៅខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធការដឹកជញ្ជូនបទល្មើសខាងលើ លោក យុន បូរី មន្ត្រីយោធាយុទ្ធភូមិ ភាគទី៤ ប្រចាំសមរភូមមុខទិសទី២ ស្រុក អន្លង់វែង និងស្រុកត្រពាំងប្រាសាទបាន ឲ្យដឹងថា លោកបានទទួលបទបញ្ជាពីមេ បញ្ជាការរបស់លោកថា មានរថយន្តដឹកឈើឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ហើយ លោកបានឃាត់រថយន្តខាងលើសួរនាំ តែត្រូវបានក្រុមឈ្មួញទូរស័ព្ទ ហៅបក្ខ ពួកមកជួយ។ មួយសន្ទុះក្រោយមកក៏លេច មុខលោក កុល វិបុល នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះមកដល់មិនបានសួរនាំលើការដឹកជញ្ជូនឈើខាងលើទេ បែរជាទៅថតរថយន្ត និង រូបលោកទៅវិញថែមទាំងបញ្ឆេះឲ្យក្រុមឈ្មួញខាងលើចោទលោកថា យកអាវុធ មកភ្ជង់គំរាមពួកគេទៀតផង។
លោក កុល វិបុល នាយការិយាល័យ នគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត ឧត្តរមានជ័យបានឆ្លើយបដិសេធថា ការ ចោទប្រកាន់ថា លោកកាងបទល្មើសព្រៃ ឈើមិនពិតនោះឡើយ ។
ចំណែកលោក ម៉ែន លី ស្នងការនគរ បានខេត្តឧត្តរមានជ័យបានប្រាប់តាមទូរ ស័ព្ទថា ករណីលោក កុល វិបុល កាងឈើ ខាងលើ លោកមិនបានដឹងទេ តែប្រសិនបើថ្ងៃក្រោយរថយន្តខាងលើដឹកជញ្ជូនឈើទៀត សូមផ្តល់ដំណឹងឲ្យលោកដឹង ផង លោកនឹងចុះបង្ក្រាប ៕ ប៉ែន នួន