ខេត្តសៀមរាប៖ ផ្ទះធុងហ្គាសផ្អើល ភ្ញៀវក្មេងចាស់ប្រុសស្រី ដែលកំពុងស្រស់ស្រូបអាហារ ក្នុងភោជនីយដ្ឋាន ហ្គ្រីស៊ុគីស៊ុបបាននាំគ្នារត់ចេញស្ទើរតែជាន់ជើងគ្នាទាំងព្រឹក បន្ទាប់ពីសម្លេងផ្ទុះលាន់ឮ លាយឡាំជាមួយអណ្តាតភ្លើងក្រហមឆ្អិនឆ្អៅផងនោះ ។
ហេតុការណ៍ផ្ទុះធុងហ្គាសនៅភោជនីយដ្ឋានហ្គ្រីស៊ុគីស៊ុប បានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងហេតុការណ៍នេះ គេមិនឃើញ មានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ក្រៅតែពីចុងភៅម្នាក់របួសរលាកស្ទើរតែពេលខ្លួនប៉ុណ្ណោះ ។
លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង បានឲ្យដឹងថា ហេតុការណ៍ផ្ទុះធុងហ្កាសនេះ គឺដោយសារតែ នៅកន្លែងចុងភៅនោះ សម្ភារដូចជាធុងហ្គាសជាដើមចាស់សឹករិចរឹល ទើបបណ្ដាលឲ្យផ្ទុះ ឆេះសម្ភារៈចំនួនតូចប៉ុណ្ណោះ មិន រាលដាល់ឆេះដល់កន្លែងផ្សេងទៀតនោះទេ ហើយរថយន្តពន្លត់អគ្គីភ័យបានមកអន្តរាគមន៍ទាន់ពេល ដោយប្រើប្រាស់រថយន្ត៤គ្រឿង រហូតដល់ម៉ោង៩និង១០នាទីព្រឹក ថ្ងៃដដែល ភ្លើងរលត់ទាំងស្រុង ។
លោកបានបន្តថា ម្ចាស់ភោជនីយដ្ឋាន ហ្គ្រីនស៊ុគីស៊ុប ឈ្មោះ ឡាយ សុខម៉េង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំណែកបុគ្គលិកអ្នករងរបួស ឈ្មោះ តាំង ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ។ រីឯសម្ភារផ្សេងទៀតខូចខាតសរុបទឹកប្រាក់ជិត១០០០ដុល្លារ ៕ ប៊ុន រិទ្ធី