ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានប្តីរបស់គាត់ប្រទះឃើញយកអាវដៃវែង ពណ៌ស្វាយចងកព្យួរនឹងធ្នឹមផ្ទះបាយខាងក្រោយផ្ទះស្លាប់ ដោយគ្មានមូលហេតុច្បាស់លាស់ បង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្រ្តីរងគ្រោះឈ្មោះ មាស សុផល អាយុ ៥៣ឆ្នាំ មុខរបរជីវករលក់ខោអាវជជុះ សញ្ជាតិខ្មែរ មានប្តីឈ្មោះ អុិត សួងមន្នី និងកូនប្រុសស្រីចំនួន ២នាក់ (កូនមិនរស់នៅជាមួយនោះទេ) បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុ ។
បុរសជាប្តីស្រ្តីរងគ្រោះប្រាប់សមត្ថកិច្ចថា ប្តី ប្រពន្ធរបស់ពួកគាត់មិនសូវមានទំនាស់ទាស់ទែងគ្នាធំដុំនោះទេ ហើយក៏មិនដែលមានការប្រចណ្ឌអ្វីនោះដែរ ប៉ុន្តែមុនកើតហេតុពួកគាត់បានទៅចូលរួមញាំការគេ រួមទាំងមានការរាំលេងកំសាន្តផងដែរ លុះត្រឡប់មកវិញ នៅវេលាម៉ោងប្រមាណជាង ១០យប់ ឃើញប្រពន្ទគាត់ដូចជាប្លែកបន្តិចដែរ ដោយឃើញគាត់ស្ពាយកាបូបលុយដើរចុះឡើងៗនៅក្នុងផ្ទះ រួចក៏បានចូលគេងបន្ទប់ផ្សេងៗគ្នា ហើយគាត់ដោយមិនបានចាប់អារម្មណ៍អ្វីនោះឡើយ លុះក្រោកពីដំណេក គាត់ស្រែកហៅរកប្រពន្ធមិនឆ្លើយតប ក៏នឹកស្មានថា ប្រពន្ធគាត់ទៅលក់ខោអាវនៅផ្សារដូវដូចសព្វមួយដង ។ ប៉ុន្តែបែរទៅប្រទះឃើញចងកស្លាប់ ដោយយកអាវដៃវែង ពណ៌ស្វាយ ចងកព្យួរទៅនឹងធ្នឹមននងផ្ទះបាយផ្នែកខាងក្រោយផ្ទះ គាត់ក៏បានស្រាយចំណងយកសាកសពយកមកតំកល់នៅផ្ទះធំ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ដល់សមត្ថកិច្ចជំនាញចុះមកពិនិត្យ ។
សមត្តកិច្ចបច្ចេកទេសបង្ហើបឲ្យដឹងថា មូលហេតុមិនច្បាស់លាស់ក្នុងករណីអត្តឃាតខាងលើនេះ ក៏ប៉ុន្តែពិតជាស្លាប់ដោយចងកប្រាកដមែន ។ សាកសពមានសភាពរឹង អាចស្លាប់លើសពី៨ម៉ោងទៅហើយ ។ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ប្រភពផ្សេងៗលើកឡើងស្រឌៀងគ្នាថា ជនរងគ្រោះអាចមានវិបត្តិក្នុងគ្រួសារ ពីព្រោះកូនប្រុសស្រីរបស់ពួកគាត់មិននៅជាមួយ ហើយគាត់ក៏ជាមេតុងទីនផងដែរ ៕ ប៉ឹម ពិន