ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកក្រដាសកាតុង១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបាន រេចង្កូតជ្រុលទៅបុករះ ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ដែលកំពុងចតស្ងៀម បង្កការខូចខាតយ៉ាងដំណំ ហើយមិនព្រម ឈប់ស្ងៀមឡើយ បានជ្រុលបន្តទៅបុក នារីកម្មការិនីរោងចក្រម្នាក់ដែលកំពុងឈរនៅតាមចិញ្ចើមផ្លូវរុញផ្ទប់ ជាមួយបង្គោលភ្លើង១ដើមដែលស្ថិតនៅក្បែរនោះបណ្តាយឲ្យដាច់ជើងម្ខាងយ៉ាងរន្ធត់ និងបាក់ដៃឆ្វេងដេកសន្លប់ស្ដូក ស្ដឹង ។ បន្ទាប់អ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន និងនាំទៅប្រគល់ ឲ្យនគរបាលសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5550 ចំណុះ៥តោន ដឹកក្រដាសកាតុងក្រុមហ៊ុន ហាតា បើកបរដោយឈ្មោះ ផន សុផល អាយុ៣០ឆ្នាំ មុខរបរ រថយន្តស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក នារីរងគ្រោះឈ្មោះ ស៊ន ណយ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រយីហោ 《ស៊ូមិ》នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិ អណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯម៉ូតូសណ្ដោងរ៉ឺម៉ក ដែលត្រូវរថយន្តបុកបណ្ដាលឲ្យរងការខូចខាតដែរនោះ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CY-0276 អ្នកបើកបរមិនស្គាល់ឈ្មោះ ឡើយ។
ប្រភពពដដែលបានបន្តថា នៅមុនពេលកើតហេតុ រថយន្តបង្កនោះបានបើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឆ្វេងដៃ ហើយបានបុកម៉ូតូសណ្ដោងរ៉ឺម៉កកង់បី១គ្រឿង ដែលម្ចាស់ចតទុកចោលនៅលើចិញ្ចើមផ្លូវបេតុងខាងលើនោះ មុខកន្លែងលក់ចាប់ហ៊ួយ។ បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនោះ រងការខូចខាតយ៉ាងដំណំ បន្ទាប់មក រថយន្តបង្ក បានជ្រុលទៅបុកស្ត្រីរងគ្រោះដែលកំពុង ឈរនៅជិតបង្គោលភ្លើង យ៉ាងពេញទំហឹងរុញផ្ទប់ បង្គោលនោះ បណ្ដាលឲ្យនាងរងគ្រោះដាច់ជើងម្ខាងខាងស្តាំត្រឹមភ្លៅ និងបាក់ដៃឆ្វេងព្រមទាំងបាក់បង្គោលនោះ ដែលប្រអប់ត្រង់ ហ្វូនិងកាប៊ីនភ្លើងនៅជាប់នោះជាច្រើនថែមទៀត ទើបរថយន្តនោះឈប់ស្ងៀម ហើយអ្នកបើកបរ ត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់ទៅឲ្យនគរបាលប៉ុស្ដិ៍កន្ទោក បញ្ជូនបន្តទៅកាន់ ការិយាល័យនគរបាល ចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចត់ការតាមច្បាប់ ៕ សុខាសែនជ័យ