ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋពុលនំបញ្ចុកស្ទើរ១ភូមិខណៈចូលរួមពិធីសូត្រមន្តរំដោះគ្រោះម្ចាស់ផ្ទះទទួលអាហារគ្មានអនាម័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋស្ទើរ១ភូមិមានអាការៈក្អួតចង្អោរនៅក្រោយចូលរួមពិធីសូត្រមន្តរំដោះគ្រោះនៅផ្ទះគ្រួសារមួយដោយមានការបរិភោគនំបញ្ចុក។ ករណីនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមអ្នកភូមិឲ្យដឹងថា នៅមុនកើតហេតុ នៅផ្ទះឈ្មោះ ទ្រូ ខេម មានរៀបចំពិធីសូត្រមន្តរំដោះគ្រោះ ហើយបានអញ្ជើញប្រជាពលរដ្ឋចូលរួម។ នៅពេលបញ្ចប់ពិធីសូត្រមន្ត ម្ចាស់ផ្ទះមានរៀបចំទទួលនំបញ្ចុកដល់អ្នកចូលរួម។ ប៉ុន្តែនៅក្រោយពីប្រជាពលរដ្ឋដែលបានចូលរួមប្រមាណ១៥២នាក់ ហូបនំបញ្ចុកហើយមានអាការៈធីងធោង វិលមុខ ក្អួតចង្អោរ និងរាគរុស ដោយគេសង្ស័យបណ្តាលមកពីនំបញ្ចុកដែលម្ចាស់ផ្ទះបានធ្វើទទួលភ្ញៀវចូលរួម។

លោកវរសេនីយ៍ត្រី ពីង ពៅ អធិការនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍នេះកើតឡើង ប្រជាពលរដ្ឋដែលសង្ស័យពុលនំបញ្ចុកត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពដើម្បីជួយសង្គ្រោះ។ ក្នុងចំណោមពលរដ្ឋជាង១០០នាក់មាន៥-៦មានអាការៈធ្ងន់ធ្ងរ ដែលរហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមីនា បានធូរស្រាល តែមិនគ្រូពេទ្យមិនទានអនុញ្ញាត្តិឲ្យត្រឡប់ទៅផ្ទះនៅឡើយទេ។ ចំណែកពលរដ្ឋដែលមានអាការៈស្រាលបានវិលត្រឡប់ទៅផ្ទះវិញក្រោយពីគ្រូពេទ្យបានព្យូសេរ៉ូម និងឲ្យថ្នាំលេប។

ករណីខាងលើនេះត្រូវបានមន្រ្តីជំនាញ ក៏ដូចជាគ្រូពេទ្យបច្ចេកទេសសង្ស័យថា នំបញ្ចុកដែលបានយកមកទទួលភ្ញៀវនោះធ្វើខ្វះអនាម័យ ហើយបើតាមម្ចាស់ផ្ទះអះអាងថា បន្លែរដែលស្រូបជាមួយនំបញ្ចុកបានយកទៅលាងនឹងទឹកត្រពាំង។

លោកអធិការបានឲ្យដឹងដែរថា ករណីពុកនំបញ្ចុកខាងលើនេះ ពុំបណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតទេ។

គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះបានកើតឡើងជាញឹកញាប់ ហើយអ្វីដែលបានកើតឡើងគឺមូលហេតុ ដោយសារតែចំនីអាហារទាំងនោះមិនមានអនាម័យ។ ដូច្នេះ មន្រ្តីជំនាញ ក៏ដូចជាគ្រូពេទ្យស្នើរឲ្យប្រជាពលរដ្ឋមុនបរិភោគចំណីអាហារត្រូវមានការប្រយ័ត្នប្រយែងលើអនាម័យឲ្យបានល្អ ជៀសវាងកើតមានបញ្ហានេះបន្តទៀត៕ សេនា ស័ក្តិ

1 2


ចែករំលែក៖