ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ បានហើយព្រួតគ្នាម្នាក់មួយដៃមួយជើងរងរបួសបែកមុខបែកមាត់ ខណៈដែលរូបគេជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច តែគេចខ្លួនមិនរួចគេចាប់ក្របួចជាប់ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស នៅចំណុចមុខសាលារាជធានីភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនេះ ឈ្មោះ គឹម វិសួរ អាយុ ២២ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបុរីកីឡាអាគារទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ រីឯនារីរងគ្រោះ មានឈ្មោះ ហ៊ាន រ៉ាណែត អាយុ២១ឆ្នាំជាសិស្សស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងបានឲ្ហយដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូវីវ៉ា មួយគ្រឿង ពណ៌ខ្មៅ ២នាក់ ជាមួយនឹងក្រុមគ្រួសាររបស់នាង ខណៈមកដល់ខាងមុខសាលាក្រុង ស្រាប់តែជនសង្ស័យខាងលើ បានជិះធ្វើសកម្មភាព ដែលជិះម៉ូតូម៉ាក វីសិន មួយគ្រឿង ពាក់ស្លាកលេខ ក្លែងក្លាយ បានជិះមកពីក្រោយនារីរងគ្រោះ ក៏មកឆក់ទូរស័ព្ទព្រមទាំងរុញ នារីរងគ្រោះឲ្យដួលហើយប្រុងគេចខ្លួនតែខណៈជនរងគ្រោះគាត់ស្រែកឆោឡោ ក៏ត្រូវបានប្រជាពលរដ្ឋចាប់បានរួមព្រួតគ្នាវាយបែកមុខមាត់ ហើយតែសំណាងបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកមកជួយអន្តរាគន៍ទាន់ពេលទើបរួចផុតពីគ្រោះថ្នាក់ ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន និងវត្ថុតាង ឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍ស្រះចកដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស តារា