ភ្នំពេញ៖ ស្ត្រីអ្នកកត់កន្ទុយលេខកំប៉ិកកំប៉ុកអង្ករកំប៉ុងម្នាក់ និងម្នាក់ទៀតជាអ្នកទៅចាក់២០០រៀល ឬ៣០០រៀលនោះ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈកំពុងកត់កន្ទុយលេខជាក់ស្តែង និងចាប់យកវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១៤ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចសំយ៉ាបផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីទាំង២នាក់ខាងលើ ទី១មានឈ្មោះ ហ៊ាន សៅសាវ៉ត់ឌី អាយុ២២ឆ្នាំ មុខរបកត់កន្ទុយលេខ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អ្នកកត់ឆ្នោត) ទី២ឈ្មោះ កែវ ស្រី មុំ អាយុ២១ឆ្នាំ មុខរបរអ្នករត់តុ នៅភោជនីយដ្ឋានមួយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឺងឃាត់ខ្លួនស្ត្រីទាំង២នាក់ខាងលើ គឺដោយសារតែមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថា មានការប្រមូលផ្តុំគ្នាលេងល្បែងសុីសង កត់កន្ទុយលេខនៅចំណុចខាងលើ ពេលនោះកម្លាំងព្រហ្មទណ្ឌខណ្ឌបានសុំគោលការណ៍ទៅលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទទើបសមត្ថកិច្ចចុះបង្ក្រាបបានជាក់ស្តែងតែម្តង។
ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមានក្រដាសតារាងកំពុងកត់កន្ទុយលេខមួយចំនួន ប៊ិចសម្រាប់សរសេរចំនួន២ដើម ម៉ាសុីនគិតលេខចំនួន១ និងប្រាក់ចំនួន៤៦៣,៣០០០រៀល ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីម្នាក់ឈ្មោះ ហ៊ាន សៅសាវ៉ត់ឌី ដែលជាកត់កន្ទុយលេខបានឆ្លើយប្រាប់ថា ខ្លួនពិតជាបានកត់កន្ទុយលេខនៅចំណុចខាងលើពិតប្រាកដមែន ដោយបានជួលសំយ៉ាបផ្ទះគេដើម្បីកត់ឆ្នោតបានរយះពេល២ខែមកហើយ ស្រាប់តែថ្ងៃនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ កែវ ស្រី មុំ បាននិយាយថា ខ្លួនបានទៅចាក់កន្ទុយលេខនៅទីនោះមែន តែចាក់២រយទៅ៣រយរៀលតែប៉ុណ្ណោះ ហើយក៏ត្រូវប៉ូលីសឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនស្ត្រីទាំង២នាក់កំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបានខណ្ឌសែនសុខ និងបន្តនីតិវិធី៕ តុង សីហា