ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបាន ឲ្យដឹងថា បទល្មើសនេសាទនៅតែកើត មានឥតឈប់ឈរក្នុងតំបន់បឹងធំ ដូច ជាអូសអួនរាប់រយម៉ែត្រ ឆក់ក្តៅ និងឆក់ ត្រជាក់ជាដើម រីឯសមត្ថកិច្ចមិនបាន បង្ក្រាបនោះទេ ។
ប្រជាពលរដ្ឋបារម្ភខ្លាចទិន្នផលត្រី និង ពូជត្រីកាន់តែហិនហោច ប្រសិនបើអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ឲ្យមាន ប្រសិទ្ធភាព។ប្រធានសហគមន៍នេសាទសាមគ្គីឃុំមៀន ទទួលស្គាល់ថា បទល្មើសនេសាទមួយចំនួនពិតជាកើតមាននៅតំបន់បឹងធំប្រាកដមែន។
ប្រជានេសាទនៅតំបន់បឹងធំស្នើឲ្យអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ជួយចាត់វិធានការលើករណីបទល្មើសនេសាទមួយចំនួនដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ។
បទល្មើសនេសាទទាំងនោះដូចជា អូស អួនមានប្រមាណ៧វង់ ដោយក្នុងមួយវង់ៗអាចមានប្រវែងប្រមាណ៣០០ម៉ែត្រ ហើយអូសទាំងយប់ទាំងថ្ងៃ ។ ក្រុមឆក់ ដោយប្រើកម្លាំងមនុស្ស និងក្រុមឆក់ត្រជាក់ដោយប្រើកម្លាំងម៉ាស៊ីនដែលធ្វើសកម្មភាពនៅពេលយប់ជាដើម។
លោក យីម សុខឃាន់ ប្រជានេសាទ នៅឃុំមៀនឲ្យដឹងថា បទល្មើសនេសាទនៅតំបន់បឹងធំនៅតែមិនអាចដោះស្រាយបាន ដែលធ្វើឲ្យពួកគាត់កាន់តែបារម្ភពី វាសនាពូជត្រីដែលនៅសេសសល់ ។ ទិន្ន ផលត្រីកាន់តែថយចុះប៉ុន្តែបទល្មើសចេះតែកើនឡើង ដោយគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។ លោកបន្តថា ក្រុមជន ល្មើសជាពលរដ្ឋមមួយចំនួនក្នុងភូមិ-ស្រុកជាមួយគ្នា ហើយមានខ្លះមកពី តំបន់ផ្សេង ។
បឹងធំជាបឹងមួយជាប់ស្រុកចំនួន៣ នៅ ក្នុងខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកកងមាស ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារទាំងពលរដ្ឋធ្វើ កសិកម្ម និងប្រជានេសាទ ។
ប្រជាពលរដ្ឋចោទថា បទល្មើស នេសាទនៅតំបន់បឹងធំកើតមាន គឺអាចមានពាក់ព័ន្ធនឹងអំពើពុករលួយ។
មិនខុសគ្នានេះប្រជាសហគមន៍មួយរូបទៀត លោក រ៉េន រ៉ាន់ យល់ថា ដើម្បីឲ្យការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាព គឺទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម។ ជាងនេះទៀត ត្រូវលុបបំបាត់អំពើពុករលួយគ្រប់រូបភាពតែម្តង ។ ប្រធានសហគមន៍ នេសាទសាមគ្គីឃុំមៀន លោក ម៉ុន ឆៃលាង មានប្រសាសន៍ថា បទល្មើសនេសាទ គឺកើតមានខ្លះដូចជា អូសអួនប្រវែងលើស ពី១០០ម៉ែត្រ ដែលច្បាប់ហាមឃាត់ ប៉ុន្តែ ពួកលោកឃើញមានតែ២វង់ប៉ុណ្ណោះ ។ បន្ថែមពីនេះ ការប្រើប្រាស់ឧបករណ៍ឆក់ក៏កើតមានដែរ ប៉ុន្តែជាបញ្ហាប្រឈមសម្រាប់ប្រជាសហគមន៍ក្នុងការចុះបង្ក្រាប ពីព្រោះក្រុមជនល្មើសតែងតែផ្លាស់ប្ដូរទីតាំង។ ចំណែកឧបករណ៍ស្បៃមុងវិញមិនមានឃើញដាក់ថ្មីទៀតទេ ។
លោក ម៉ុន ឆៃលាង អះអាងថាខាង សហគមន៍មិនដែលទទួលបានប្រាក់ ឬលាភ សក្ការៈពីជនល្មើសឡើយ ហើយក៏មិនបានឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបានប្រាក់ពីក្រុមជនល្មើសនោះដែរ។ លោក ថា ការងារបង្ក្រាបបទល្មើសបច្ចុប្បន្នរបស់ប្រជាសហគមន៍នេសាទឃុំមៀនជាការ ងារស្ម័គ្រចិត្ត ប៉ុន្តែត្រូវប្រឈមមុខជាមួយក្រុមជនល្មើសស្ទើរគ្រប់ពេលវេលា ៕ ហេង នរិន្រ្ទ