ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់ប្លន់កក្រើកនៅខេត្តកំពង់ស្ពឺ និង ខេត្តកំពតត្រូវបានចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ចោរប្លន់ប្រដាប់អាវុធ យ៉ាងសកម្មដែលធ្លាប់បានធ្វើសកម្មភាព រហូតដល់ជាង១០ករណីក្នុងទឹកដីខេត្ត កំពត និងខេត្តកំពង់ស្ពឺត្រូវជាប់អន្ទាក់នគរបាលខេត្តកំពង់ស្ពឺដោយបានភ្ជង់ប្លន់ចុងក្រោយប៉ះចំម៉ូតូបំពាក់ប្រព័ន្ធ GPS ហើយត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺតាម បង្ក្រាបបាន ។

លោកវរសេនីយ៍ទោ សម សាក់ នាយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៧ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ជិះម៉ូតូហុងដាសេ១២៥មួយ គ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពភ្ជង់ប្លន់ជនរងគ្រោះឈ្មោះ ផាត់ សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ តាយ៉ង ឃុំដំបូករូង ស្រុកភ្នំស្រួចតាមផ្លូវលំ ត្រង់ចំណុចភូមិតាយ៉ុង ឃុំដំបូករូងរួចហើយ ជិះម៉ូតូគេចខ្លួនបាត់ ។

លោកបន្តថា ជនសង្ស័យបានប្លន់យក ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-6916 និងលុយនៅក្រោមកែបម៉ូតូចំនួន ២លានរៀល ព្រមទាំងកាតទូរស័ព្ទផង ។

ក្រោយពីទទួលបានព័ត៌មានស្តីពីករណី ប្លន់នេះកម្លាំងនគរបាលបាលបានចេញ ប្រតិបត្តិការតាមគោលដៅសំខាន់ៗពួនស្ទាក់គ្រប់កន្លែង ហើយម្យ៉ាងម៉ូតូជនរងគ្រោះមានបំពាក់ប្រព័ន្ធសុវត្ថិភាពGPSធ្វើឲ្យ សមត្ថកិច្ចដេញតាមប្រកិតរហូតដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃខែដដែលកម្លាំងនគរ បាលឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ គឹមអេង ភេទប្រុស អាយុ៣៨ឆ្នាំ មាន ទីលំនៅក្នុងភូមិចម្លងជ្រៃ ឃុំស្ដេចគង់ខាង លិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយ ដកហូតបានម៉ូតូរបស់ជនរងគ្រោះ ព្រម ទាំងលុយនិងកាតទូរស័ព្ទមកវិញ ។

លោកនាយការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តកំពង់ស្ពឺបានបន្តថា ដោយ មានការសហការជាមួយក្រសួងមហាផ្ទៃ ក្នុងថ្ងៃដដែលកម្លាំងនាយកដ្ឋានព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ច័ន្ទ រ័ត្ន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ដោយដកហូត បានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ស្លាកលេខភ្នំពេញ 1AK-4747 និងកាំភ្លើងម៉ាកកា៥៩ចំនួន១ ដើមបង់មួយមាន៩គ្រាប់ ។

តាមការសាកសួរចម្លើយក្រុមជនសង្ស័យ បានសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពប្លន់ក្នុងខេត្តកំពង់ស្ពឺ៤លើក ក្នុងនោះ ទី១-នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ វេលា ម៉ោង១និង៤៥នាទីរសៀល ភ្ជង់ប្លន់យក ម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿងពាក់ ស្លាកលេខកំពង់ស្ពឺ 1H-8819 ត្រង់ចំណុច ទំនប់ទឹកចាក់ទីងក្នុងភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបរសេដ្ឋ។ ជនរងគ្រោះ មានឈ្មោះ នង់ មុំ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ទី២-នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣៥នាទីបាញ់ចំនួន២គ្រាប់ ប្លន់យកម៉ូតូ១ គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ស្លាកលេខកំពង់ស្ពឺ 1H-3905 ត្រង់ចំណុចផ្លូវលំខាងជើងទំនប់រលាំងជ្រៃ ក្នុងភូមិអន្លង់ធម្ម ឃុំក្រាំងក្រូច ស្រុក សំរោងទង បណ្តាលឲ្យជនរងគ្រោះរបួស ធ្ងន់។ ទី៣-នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទីធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ កំពង់ស្ពឺ 1H-5668 របស់ជនរងគ្រោះឈ្មោះ ទ្រង់ ខាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រង់ចំណុច ភូមិព្រំតោស ឃុំរំដួល ស្រុកភ្នំស្រួច និង លើកទី៤ត្រូវបានបង្ក្រាបតែម្តង ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពតគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ ឈ្មោះ ម៉ៅ គឹមអេង ហៅចន អាយុ៣៨ឆ្នាំ ដែលចាប់ខ្លួននៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែមីនា និងឈ្មោះ ចាន់ រ័ត្ន អាយុ៣៧ឆ្នាំ ចាប់ខ្លួននៅភ្នំពេញ ពួកគេធ្លាប់បានប្លន់នៅ ខេត្តកំពតមានដូចខាងក្រោម ៖
១-ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ម៉ោង៧ និង១០នាទីយប់ ប្លន់អ្នកដូរលុយនៅផ្សារ លក ក្នុងភូមិលក ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច។ ទី២-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ៥និង៣០នាទីល្ងាច ប្លន់ផ្ទះឈ្មោះ អេង សេង ភេទប្រុស អាយុ ៥៦ឆ្នាំ ជាបុគ្គលិកពេទ្យ៣១៧ តេជោអភិ វឌ្ឍន៍ និងប្រពន្ធឈ្មោះ ទៀង សារិន អាយុ ៥៥ឆ្នាំ ជាបុគ្គលិកពេទ្យ៣១៧ នៅភូមិ តេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុក ឈូក ខេត្តកំពត បានកាប់នឹងពូថៅ៩ពូថៅ បណ្ដាលឲ្យឈ្មោះអេង សេង ស្លាប់នៅក្បែរ ជញ្ជាំងក្រៅផ្ទះ។ រីឯប្រពន្ធឈ្មោះ ទៀង សារិន របួសធ្ងន់។ ទី៣-ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៧យប់ ប្លន់នៅភូមិ កណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុក កំពង់ត្រាច។ ជនរងគ្រោះឈ្មោះ មុយ ឃិ អាយុ៦៨ឆ្នាំ ត្រង់ចំណុចដីឡូត៍ធ្វើផ្ទះថ្មី ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាង លិច ប៉ុន្តែជនរងគ្រោះស្នាក់នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ត កែប។ ទី៤-ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង១០យប់ ប្លន់ម៉ូតូនៅតាមផ្លូវលេខ៣ ខាងលិចកំពត ក្បែរព្រំប្រទល់ក្រុង និង ស្រុកទឹកឈូ ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះ ឈ្មោះ នារី វង្ស សៀក ភេទប្រុស អាយុ៤៨ ឆ្នាំ នៅភូមិរលួស ឃុំបឹងទូក បាញ់របួស កំភួនដៃ
ឆ្វេងធ្លាយ និងម្នាក់ទៀតឈ្មោះ អុិន ក្រូច ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិរលួស ឃុំបឹងទូក របួសថ្ងាស និងក្បាល ដោយត្រូវ ចោរកាប់នឹងពូថៅ។ ទី៥-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ម៉ោងប្រហែលជិត៧យប់ប្លន់ សម្លាប់នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាង លិច ស្រុកកំពង់ត្រាច។ ជនរងគ្រោះឈ្មោះ ភឹម ខន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការ ជើងផ្ទះនៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច វាយនិងកាប់ស្លាប់នៅនឹង កន្លែង។ រីឯកូនស្រីត្រូវពួកចោរប្លន់វាយ របួសធ្ងន់ និងចងភ្ជាប់ជាមួយខ្មោចឪពុក។ ទី៦-ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ម៉ោង៧ និង២០នាទីយប់ប្លន់ ម៉ូតូរបស់ឈ្មោះលាង លេងប៉ុង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ កូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ។ ទី៧-ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៧និង២០នាទីយប់ ប្លន់យកម៉ូតូនៅមុខ មណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន ក្នុង ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពតបាន បាញ់ទៅលើជន រងគ្រោះឈ្មោះ ថោង ប៊ុនធិន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិកើតហេតុត្រូវគល់ភ្លៅ ស្ដាំ។ ទី៨-នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ម៉ោង១០និង៣០នាទីយប់ប្លន់ម៉ូតូនៅ ចំណុចផ្លូវក្រួសក្រហមចេញពីផ្លូវបេតុង រោងចក្រស៊ីម៉ងត៍ K-Cement ចម្ងាយ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិក្រាំងដូង ឃុំសំរោង
ក្រោម ស្រុកបន្ទាយមាស ខេត្ត កំពត បាញ់៣គ្រាប់បណ្ដាលឲ្យឈ្មោះពៅ ដេវ៉ា ត្រូវពោះរបួសធ្ងន់ និងលើក ទី៩-ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧ ធ្វើសកម្មភាពប្លន់លើកចុងក្រោយនៅម៉ោង១២និង២០នាទីប្លន់យកម៉ូតូនៅតាមផ្លូវលំជាប់ជើងភ្នំត្នោត ក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុក ឈូក ខេត្តកំពត។ ជនរងគ្រោះឈ្មោះ រុំ រ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទួល ឃុំ ល្បើក ស្រុកឈូក ខេត្តកំពតដោយបាន បាញ់ជនរងគ្រោះ១គ្រាប់របួសត្រគាកឆ្វេងបៀមគ្រាប់ ។

ក្នុងរបាយការណ៍បានបង្ហាញថា កាល ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ច ចាប់ខ្លួនឈ្មោះ លឹម ភី ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបក្ខពួកក្រុមចោរ បច្ចុប្បន្នកំពុងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពត។ ចំពោះ ជនសង្ស័យឈ្មោះ ម៉ៅ គឹមអេង ហៅចន មានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្ត កំពតរឿងប្លន់សម្លាប់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិអង្គ្រង ឃុំកំពង់ត្រាចខាង លិច ស្រុកកំពង់ត្រាច ខេត្តកំពត និងឈ្មោះ ចាន់ រ័ត្ន មានដីកាចាប់ខ្លួនរបស់សាលា ដំបូងខេត្តកំពត រឿងប្លន់សម្លាប់ កាលពីថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៤ នៅភូមិតេជោ អភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត សួរនាំព្រោះក្រុមជនសង្ស័យមានពាក់ព័ន្ធករណីប្លន់ច្រើនករណីទៀតនៅខេត្តកំពត៕ សេនាស័ក្តិ

IMG_0955 IMG_0960


ចែករំលែក៖