ភ្នំពេញ៖ ភាពយន្តរឿង “លត់ដែកថែប” ដែលជាស្នាដៃលោក សុខ ដែន ដឹកនាំលើកដំបូង បានធ្វើពិធីសម្ពោធនៅថ្ងៃទី ២៧ ខែមីនា និងចាក់បញ្ចាំងនៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះហើយ ។ តារាសម្តែងរូបនេះ រំពឹងខ្ពស់លើស្នាដៃផលិតលើកដំបូងនេះថា នឹងអាចទាក់ទាញអារម្មណ៍ទស្សនិកជនឲ្យចូលទស្សនាបានច្រើន ។
ក្តីរំពឹងខ្ពស់លើកការចាក់បញ្ចាំងភាពយន្តនេះ ព្រោះតែលោកយល់ថា ភាពយន្តរបស់លោកផលិតដោយការសម្រិតសម្រាំង និងទទួលបានការគាំទ្រច្រើនពីតារាសម្តែងជើងចាស់ និងអាចទាក់ទាញអ្នកទស្សនាជាច្រើននាក់ គ្រាដែលឈុតខ្លី (Trailer) ត្រូវបានដាក់បង្ហាញទស្សនិកជនកន្លងមក ។ លោក សុខ ដែន បន្តថា រឿង “លត់ដែកថែប” របស់ផលិតកម្ម Eye Love Film បានឆ្លងកាត់ការត្រួតពិនិត្យពីនាយកដ្ឋានភាពយន្ត និង ទទួលបានការកោតសរសើរច្រើនពីមន្ត្រីជំនាញ ។
លោកថា រឿងនេះ ជាប្រភេទរឿងមានគ្រប់រសជាតិ ស្នេហា កំប្លែង និងវាយតប់ខ្លាំង ដែលសម្រិតសម្រាំងការផលិតទាំងសាច់រឿង ទេសភាព ប្លង់នៃការផលិត បច្ចេកទេសកាត់តខ្ពស់ និងតារាសម្តែងសុទ្ធតែល្បីៗ និងមានទេពកោលសល្យ ។
ដោយសារមានឈុតឆាក វាយប្រហារច្រើន ភាពយន្តនេះមានតារាក្បាច់គុនល្បុកតោ និងការាតេដូ ជាច្រើនចូលសម្ដែងនោះ ។ លោកក៏ជាតួសម្ដែងនៅក្នុងរឿងដែរ ដោយក្នុងរឿងនេះ លោកថា ខ្លួនបានបង្ហាញក្បាច់គុនអស់ពីសមត្ថភាពដើម្បីធ្វើខ្សែរឿងរស់រវើក ។
នៅក្នុងរឿងនោះ ក៏មានវត្តមានកីឡាការិនី សម ថារ័ត្ន ឬកញ្ញា «តាឡនតន» ផងដែរ ដោយនាងត្រូវបានគេអះអាងថា នឹងបញ្ចេញក្បាច់រស់រវើកមិនខុសពីពេលដែលនាងចេញថតក្នុងរឿង «Jailbreak: នោះទេ។ លោកថា ឈុតលោតផ្លោះ និងវាយកាប់ចាក់ពិបាកៗជាច្រើន ដោយចាត់ទុកថា ក្នុងរឿង«លត់ដែកថែប»ជារឿងដែលពិបាកថត ។
លោក សុវណ្ណ គិរី ដែលជាកីឡាករជម្រើសជាតិ និងជាគ្រូបង្វឹកផ្នែកការ៉ាតេដូល្បីឈ្មោះ ក៏មានវត្តមានក្នុងរឿងនេះដែរ ដោយលោកបញ្ជាក់ថា បានសម្ដែងយ៉ាងអស់ពីសមត្ថភាពក្នុងឈុតវាយតប់ដើម្បីឲ្យរឿងរស់រវើក ។ លោកថា ខ្លួនប្រឡូកក្នុងវិស័យសិល្ប: តាំងពីឆ្នាំ២០០៨ ទាំងផ្នែករឿងដុំ និងភាគទូរទស្សន៍ ដោយភាគច្រើនក្រៅពីសម្ដែងជាតួច្រឡឺម គឺសម្ដែងជាតួវាយតប់តែម្ដង ។ ក្នុងរឿង «លត់ដែកថែប» លោកគឺជាតួកាចម្នាក់ ហើយក្បាច់គុនការាតេដូ ដែលលោកនឹងប្រើ ក៏នឹងប៉ះជាមួយក្បាច់គុនល្បុក្កតោដ៏ខ្លាំងក្លារបស់លោកដែន និងសម ថារ័ត្នផងដែរ៕ វឌ្ឍនា