ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយមីងនាងដឹងទាន់ថា គាត់នេះមិនស្រួល គម្រោងសម្លាប់ក្មួយស្រីព្រោះសុំស្នេហ៍មិនឲ្យ ប្តឹងសមត្ថកិច្ចអន្តរាគមន៍បានមុន

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្សវិទ្យាល័យ ជម្ពូវ័នម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបន្តឹងពីស្ត្រីម្នាក់ជាម្តាយមីងរបស់ជនរងគ្រោះថា យុវសិស្សរូបនេះបានតាមសុំស្នេហ៍ក្មួយស្រីគាត់ជាយូរមកហើយ តែមិនបាន រួចក៏ដាក់កូនកាំបិតតាមខ្លួន និងតាមសម្លាប់ក្មួយស្រីរបស់គាត់ ។

image3

ហេតការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា យុវសិស្សដែលគំរាមសម្លាប់យុវតីព្រោះតែតាមសុំស្នេហ៍មិនបានឈ្មោះ ភី លីដា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់១២ នៃវិទ្យាល័យជម្ពូវ័ន រស់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកយុវតីរងគ្រោះនោះរស់នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីម្តាយមីងយុវតីរងគ្រោះបានឲ្យដឹងថា យុវជនខាងលើតែងតែមកលេបខាយចាយសំដីទៅលើក្មួសស្រីរបស់គាត់ និងសុំស្នេហ៍អស់រយះពេលជាយូរមកហើយ តែនាងមិនព្រម។ ដោយសារបែបនេះយុវជនខាងលើបានជិះម៉ូតូតាមនាងជារៀងរាល់ថ្ងៃ ក្រោយមក នៅថ្ងៃមួយខណៈក្មួយស្រីរបស់គាត់បានជិះម៉ូតូឌុបគ្នាជាមួយបងប្អូនស្រីជីដូនមួយ ស្រាប់តែជនសង្ស័យជិះម៉ូតូតាមសុំស្នេហ៍នាងទៀត តែនាងនៅតែមិនព្រម ធ្វើឲ្យយុវជនជនឈាមរាវនោះខឹងចិត្ត ហើយក៏និយាយថា បើគេតាមសុំស្នេហ៍មិនបាន រួបគេនឹងតាមសម្លាប់ចោល ហើយក៏សម្លាប់ខ្លួនឯងទៀត តែយុវតីក្មួយស្រីរបស់គាត់ មិនហ៊ានប្រាប់អ្នកណានោះទេ ។

image1

លុះរហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ទើបបងប្អូនស្រីជីដូនមួយ យកពាក្យសំដីយុវជនសង្ស័យខាងលើទៅប្រាប់គាត់(ម្តាយមីង) ដោយឮដូច្នេះភ្លាម គាត់ក៏ទៅប្តឹងនាយកសាលា និងសមត្ថកិច្ចដើម្បីធ្វើឆែកឆេរទៅលើយុវជនសង្ស័យខាងលើ ខណៈឆែកឆេរក៏រកឃើញកូនកាំបិតចុងស្រួចមួយដើមនៅក្នុងការបួបស្ពាយសម្រាប់ដាក់សៀវភៅរៀន ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

image2

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននប៉ុស្តិ៍ចោមចៅដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ

 


ចែករំលែក៖