ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក ហ៊ូ ហេភីង អភិបាលខេត្ត សានស៊ី នៃប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ទស្សនៈកិច្ច លោក ហ៊ូ ហេភីង នៅកម្ពុជាគឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជាចិនឲ្យបានកាន់តែល្អប្រសើរថែមទៀត ។ ទន្ទឹម នឹងនេះដែរ លោកអភិបាលខេត្តសានស៊ី ហ៊ូ ហេភីង បានសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ច និងបើកជាផ្លូវការនូវ មជ្ឈមណ្ឌលពាណិជ្ចកម្មកម្ពុជា នៅទីក្រុងសៀវអាន ខេត្តសានស៊ី ប្រទេសចិន ដើម្បីជួយជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យ ទេសចរណ៍ និងពាណិជ្ជកម្មឲ្យបានកាន់តែរីកចំរើន។ ខេត្តសានស៊ី មានប្រជាជន ប្រមាណជាង ៣៨ លាននាក់។ សម្តេចតេជោ ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តនេះកាលពីឆ្នាំ ២០០៤ ដែលជា ខេត្តដ៏មានសក្តានុពលមួយដែលស្ថិតនៅចំកណ្តាលប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន រីកសរាយបំផុតចំពោះចំណងមិត្តភាពកម្ពុជាចិនដែលមានជាយូរលង់ មក ហើយក្រោមកិច្ចប្រឹងប្រែង និងទំនាក់ទំនងដ៏ល្អនិងជិតស្និទបំផុតរវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេច ព្រះនរោត្តម សីហនុ និងអតីតលោកនាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាង កម្ពុជានិងចិន គឺកំពុងឈានដល់កម្រិតកំពូលនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី ស៊ីជិនពីង ប្រកបដោយភាពជឿជាក់ និងស្មោះត្រង់បំផុត។ កម្ពុជាដែលរីក ចម្រើន មកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកពីមិត្តចិនដែលយើងចងចាំជានិច្ច។
សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមអញ្ជើញទៅចូលរួមសម្ពោធមជ្ឈមណ្ឌពាណិជ្ចកម្មកម្ពុជានៅខេត្តសានស៊ី ក្នុងកំឡុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំផ្លូវ១ ខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំងខាង មុខនេះ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន