ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យបង្កហិង្សាក្នុងគ្រួសារត្រូវយោធា ង​៧០ ផ្ទុះអាវុធ១គ្រាប់ដួលពីម៉ូតូតូងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបង្កហិង្សាក្នុងគ្រួសារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមូលហេតុគេនៅមិនទាន់ដឹងច្បាស់នៅឡើយ ។ ប៉ុន្តែប្រភពកន្លែងកើតហេតុរាយការណ៍ថា បុរសឈ្មោះ ណាំង ម៉ែងឡៃ អាយុ២៣ឆ្នាំ ស្រុកកំណើតនៅភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានយកប្រពន្ធនៅភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍ ។

មុនពេលកើតហេតុ ប្តី ប្រពន្ធមួយគូនេះបានឈ្លោះទាស់ទែងពាក្យសម្តីគ្នា ។ លុះបន្ទាប់មក បងថ្លៃស្រី ឈ្មោះ បូ សល អាយុ៤៥ឆ្នាំ បានចូលទៅឃាត់ ពេលនោះ បុរសឈ្មោះ ណាំ ម៉ែងឡៃ បានគ្រវីដាវទៅត្រូវរងរបួស២កន្លែង ដាច់ចុងស្លឹកត្រចៀកឆ្វេង និងដាច់រង្វះដៃឆ្វេង ។ ក្រោយមក ប្តីស្ត្រីរងគ្រោះឈ្មោះ ខេង ញ៉ ឃើញសកម្មភាពហិង្សាបែបនេះ ក៏ជិះម៉ូតូរត់ទៅប្តឹងប្រធានភូមិ ក៏ត្រូវណាំ ម៉ែងឡៃកាប់មួយដាវចំស្មា ។

ប្រភពបន្តថា នៅគ្រាជាមួយគ្នានេះដែរ លោកប្រធានភូមិ ក៏ស្រាប់តែជិះម៉ូតូមកដល់ ហើយជនបង្កណាំ ម៉ែងឡៃ បានលីដាវដេញកាប់ប្រធានភូមិមិនបាន ក៏កាប់ម៉ូតូរបស់លោកប្រធានភូមិបណ្តាលឲ្យខូចខាតយ៉ាងដំណំ ។ លោកប្រធានភូមិបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលសូយោង នាំកម្លាំង៦នាក់ ក្នុងនោះមានកម្លាំងយោធា ង៧០ពីរនាក់ផងចុះមកអន្តរាគមន៍ ។

ប្រភពបន្តថា ពេលសមត្ថកិច្ចនគរបាលបានមកកន្លែងកើតហេតុ ជនបង្ក ណាំ ម៉ែងឡៃ បានជិះម៉ូតូរត់ ពេលនោះកម្លាំងនគរបាលបានជិះតាម និងចុះស៊ីផ្លែឲ្យជនសង្ស័យឈប់ម៉ូតូដើម្បីឲ្យសមត្ថកិច្ចចាប់តាមសម្រួល ពេលនោះជនសង្ស័យក៏បានគ្រវីដាវទៅចំស្មាប៉ូលិសម្នាក់ ។ ឃើញដូច្នោះ ទាហានម្នាក់ដែលជិះម៉ូតូប៉ូលិសឌុបនោះ ក៏ផ្ទុះអាវុធមួយគ្រាប់ ក៏ស្រាប់តែណាំ ម៉ែងឡៃ ដួលតូងពីម៉ូតូរងរបួសជាទម្ងន់តែម្តង ។

លោក កែ កញ្ជនា អធិការរងស្រុកបារាយណ៍បានប្រាប់ថា ជនដែលផ្ទុះអាវុធ១គ្រាប់នោះឈ្មោះ ជិន សុខា ជាយោធាអង្គភាព E70 ប្រចាំការជាមួយរថយន្តពន្លត់អគ្គីភ័យ ឈរជើងនៅឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រមូលវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធិ

ae (6) ae (5) ae (4) ae (3) ae (2) ae (1) ae ae (7)


ចែករំលែក៖