ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករនៅសហគមន៍បាត់ដំបងប្រកបអាជីវកម្មដាំដំណាំជីគ្រប់ប្រភេទ អាចផ្គត់ផ្គង់ជីវភាពបានងាយស្រួល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បន្ទាប់ពីប្រមូលផលស្រូវ នារដូវរំហើយ កសិករប្រមាណ៥០ភាគរយ ដែលរស់នៅជាយៗ ក្រុង បាត់ដំបង បាននាំគ្នាដាំបន្លែ និងជីគ្រប់ប្រភេទ ដែលអ្នកភូមិចាត់ទុកថា ជាដំណាំវិលជុំ ងាយស្រួលរកទីផ្សារ និងអាចផ្ដល់ចំណូល ប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឲ្យរស់នៅសមរម្យ បានល្អបង្គួរ និងងាយស្រួលប្រកបអាជីវកម្ម ។

ប្រជាកសិករ លោក ហូ ឡូញ រស់នៅ ក្នុងភូមិ ចម្ការសំរោង សង្កាត់ ចម្ការសំរោង ក្រុងបាត់ដំបង ដែល ប្រកបមុខរបរ ដាំបន្លែ និងជីគ្រប់មុខ បានឲ្យដឹងនៅថ្ងៃទី២៨ មីនា នេះថា ៖ មុខរបរនេះ មានភាពងាយស្រួល ប្រកបអាជីវកម្មនិងអាចរកទីផ្សារបានស្រួល ពិសេសនិងអាច រកចំណូលគួរ សមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ កសិករឈ្មោះ ឈឿន កញ្ញា អាយុ៣០ឆ្នាំ ជាអ្នកដាំ ជីគ្រប់មុខ និងបន្លែ , ដូចជាជីក្រហម ,ម្រះព្រៅ ,ជីពងទាកូន ,ជីថ្ពាល់ត្រី ដើមក្រសាំងទាប ,និងបន្លែផ្សេងៗ ទៀត លើផ្ទៃដីទំហំ ប្រហែល២រ៉ៃ។

លោកហូ ឡូញ បានបន្ដថា ៖ បើទោះជារយៈពេលចុងក្រោយនេះ ទីផ្សារជី និងបន្លែ បានធ្លាក់ចុះបន្តិចមែន ប៉ុន្តែនៅពេលចាប់ផ្ដើមប្រមូលផល គឺមិនអត់ម៉ូយនោះទេ។ ម៉ូយ តែងតែមកទាក់ទង ជាហូរហែរដែរ គាត់អាច លក់ចេញជីគ្រប់មុខរាប់រយគីឡូក្រាមក្នុងមួយថ្ងៃៗ។

អាជីវកម្ម ដាំដំណាំជីគ្រប់ប្រភេទនេះ អាចរកចំណូលជាមធ្យមចាប់ពី៥ម៉ឺនរៀល ដល់១៣ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយគាត់បានប្រកបមុខរបរ នេះជាង៧ឆ្នាំ ដែលមុខរបរដ៏សាមញ្ញនេះ អាចជួយឲ្យគ្រួសារ លោក រស់នៅក្នុងជីវភាពសមរម្យបាន ដោយមិនចាំបាច់ទៅស៊ីឈ្នូលគេ ឫធ្វើចំណាកស្រុកនាំឲ្យបែកឆ្ងាយពីក្រុមគ្រួសារឡើយ។

ដោយឡែក កសិករវ័យ៦០ឆ្នាំ លោក ឈុន ឆាន់ បានឲ្យដឹងថា ៖ អ្នកភូមិរបស់គាត់ភាគច្រើននិយម ដាំដំណាំនេះ ដោយសារងាយដាំដុះ និងងាយរកទីផ្សារ បើទោះជាតម្លៃទីផ្សារមិនសូវទៀង ទាត់ក្ដី ក៏អ្នកទិញត្រូវការរាល់ថ្ងៃដែរ មិនដូចដំណាំដំឡូងមី ឬពោតនោះទេ ហើយអ្នកភូមិ បាន ចាប់ផ្ដើមដាំដំណាំវិលជុំនេះ ក្រោយពីប្រមូលផលស្រូវ។

លោកថា ការដាំដំណាំជី និងបន្លែកំប៉ិកកំប៉ុកនេះ គឺលំបាកតែពេលភ្ជួរដី និងលើករង ដំបូងប៉ុណ្ណោះ នៅពេលដំណាំចាប់ផ្ដើមលូតលាស់ គឺកសិកររង់ចាំតែប្រមូលផលលក់តែប៉ុណ្ណោះ។

លោក បានបញ្ជាក់ថា ៖ ការដាំដំណាំ នៅពេលបច្ចុប្បន្ន កសិករហាក់មិនសូវជួបការ លំបាកប៉ុន្មានទេ ព្រោះប្រើគោយន្តភ្ជួរ និងប្រើម៉ាស៊ីនស្រោចស្រព ដែលខុសពី១០ ឆ្នាំមុន ដែលកសិករប្រើកម្លាំងបាយកាប់គាស់ និងរែកទឹកស្រោចដំណាំ។

លោកបន្ដថា ៖ តម្លៃជីក្រហម បច្ចុប្បន្ន ធ្លាក់ពី២ពាន់រៀលក្នុងមួយគីឡូ ក្រាម មកត្រឹមមួយពាន់រៀលក្នុងមួយគីឡូក្រាម តែតម្លៃនេះ ទើបធ្លាក់ចុះ រយៈពេលពីរខែចុង ក្រោយនេះទេ។ ដូច្នេះបើគិតតាមតម្លៃទីផ្សារបច្ចុប្បន្ននេះ ដំណាំជីក្រហមដាំលើផ្ទៃដីជិតកន្លះ ហិកតា គឺអាចផ្តល់ចំណូល ដល់កសិករជិត៤០ម៉ឺនរៀល ក្នុងរយៈពេលជាង១សប្ដាហ៍ ៕ សំរិត

unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖