ប៉ោយប៉ែត៖ តា និងចៅ២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបត់ម៉ូតូ ត្រូវរថយន្តមកពីក្រោយបុកពេញទំហឹងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិកណ្ដាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ លោកវរសេនីយ៍ តាំង សុខហេង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក Lexus RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L 9962 អ្នកបើកមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុមានម៉ូតូរងគ្រោះម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q 1026 បើកដោយឈ្មោះ មាស ជន់ ភេទប្រុស អាយុ៥២ឆ្នាំ ឌុបចៅពីរក្រោយឈ្មោះ ម៉ា លី ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យមានម៉ូតូ១គ្រឿង បានបត់ និងត្រឡប់ថយក្រោយ មិនប្រយ័ត្ន ក្នុងទិសដៅបញ្ច្រាសគ្នា ក៏ត្រូវរថយន្តខាងលើទៅដល់ ហើយបុក បណ្តាលឲ្យអ្នកបើក និងអ្នកជិះម៉ូតូចំនួន២នាក់បានស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយពីកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។
លោកបញ្ជាក់ថា រថយន្តបង្ក និងម៉ូតូរងគ្រោះក្រោយពីកើតហេតុ ត្រូវបានបញ្ជូនទៅអធិការស្រុកម៉ាឡៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ វណ្ណា