ខេត្តបន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធីបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនោះមានការចូលរួមពីសំណាក់លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងអស់លោក លោកស្រី និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា អគារសេនាធិការដ្ឋាន និងសមិទ្ធផលទាំងនេះ បានផ្តើមចេញពីស្មារតីទទួលខុសត្រូវ និងមានឆន្ទៈលះបង់ខ្ពស់ ក្នុងអំឡុងដើមឆ្នាំ២០១៣ ដោយបានធ្វើការទំនាក់ទំនង ជាមួយបងប្អូនអាជីវករជនជាតិសិង្ហបូរី និងចិន ដើម្បីឱ្យជួយគាំទ្រថវិកាដល់គម្រោងសាងសង់នេះ។
អគារសេនាធិការដ្ឋានមានកម្ពស់៤ជាន់ ស្មើនឹង៤០៥.៦៥ម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ពន្ធជាច្រើនទៀត ព្រមទាំងសម្ភារៈ បរិក្ខារ ចំណាយថវិកាសរុបចំនួន ៥០៥,៨៨៧.៧៥ដុល្លារ ដែលជាថវិកាបានមកពីការជួយឧបត្ថម្ភ ពីសំណាក់សប្បុរជន និងនាយទាហាននៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា សមិទ្ធផលនាថ្ងៃនេះ ជាមួយនឹងសមិទ្ធផលរួម ដែលកំពុងរីកដុះដាលដូចផ្សិតពេញផ្ទៃប្រទេស ដែលកើតឡើងដោយសារការដឹកនាំ ប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានរួមចំណែកកែលម្អសោភ័ណភាព បរិស្ថាន មុខមាត់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តមានព្រំប្រទល់ជាប់ជាមួយប្រទេសជិតខាង ហើយជាតំបន់ដែលភ្ញៀវទេសចរឆ្លងកាត់ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការតភ្ជាប់កម្ពុជា និងថៃ លើផ្លូវគោក។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតឡើងបានក៏ ដោយសាររាជរដ្ឋាភិបាលមាន គោលនយោបាយទាក់ទាញ ធ្វើឱ្យអ្នកវិនិយោគជឿទុកចិត្ត។ ដោយសារមានការចូលរួមថែរក្សាសន្តិសុខល្អ ពីកងកម្លាំងមានសមត្ថកិច្ច ក្នុងនោះក៏មានកងរាជអាវុធហត្ថយើងផងដែរ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងនាយទាហាននៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងមូល ព្រមទាំងសប្បុរជនទាំងអស់ ដែលបានបរិច្ចាគធនធាន រួមចំណែកក្នុងការកសាងនូវសមិទ្ធផល ដែលមានតម្លៃ ជាប្រវត្តិសាស្ត្រក្នុងសម័យសម្តេចតេជោ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បានជម្រាបជូនអង្គពិធីទាំងមូលឱ្យដឹងថា ដោយអនុវត្តតាមផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទរយៈពេល ៥ឆ្នាំ (២០១៥-២០១៩) កងរាជអាវុធហត្ថបានរៀបចំ យុទ្ធសាស្ត្រស្នូលចំនួន៤ជាអាទិភាព៖ ទី១-កិច្ចការងារកសាងកម្លាំង ទី២-កិច្ចការងារហ្វឹកហ្វឺន អប់រំបណ្តុះបណ្តាល ទី៣-កិច្ចការងារកសាងអង្គភាព និងទី៤-ការតម្រង់ទិស ពង្រឹងប្រសិទ្ធភាព ការអនុវត្តនូវតួនាទី ភារកិច្ច។ ដូច្នេះសមិទ្ធផលដែលយើង សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មិនមែនកើតឡើងដោយឯកឯងទេ គឺកងរាជអាវុធហត្ថ មានយុទ្ធសាស្ត្រច្បាស់លាស់។ ហើយថវិកាចំណាយមានបរិមាណច្រើន ដែលជាការជួយឧបត្ថម្ភរបស់សប្បុរជន គឺបង្ហាញនូវជំនឿមកលើកងរាជអាវុធហត្ថ និងដោយសារអង្គភាពនេះមានវិន័យ សាមគ្គី ទំនាក់ទំនងល្អ បម្រើសេវាសន្តិសុខបានល្អ។
ក្នុងឱកាសដ៏មានតម្លៃនាពេលនោះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើឱ្យនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំងអស់ដូចតទៅ៖
១៖ ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្ស យូរអង្វែងសម្រាប់តជំនាន់ ក្នុងផលប្រយោជន៍បម្រើប្រជាជននិងប្រទេសជាតិ
២៖ បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ស្មារតីសហការ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
៣៖ បន្តពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ
៤៖ បន្តហ្វឹកហ្វឺន អប់រំ ពង្រឹងកាយសម្បទា និងលើកកម្ពស់សមត្ថភាពជាប្រចាំ
៥៖ បន្តយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយលើកទឹកចិត្ត គោលនយោបាយដោះស្រាយការលំបាក និងជួយគ្នាទៅវិញទៅមកក្នុងក្របខណ្ឌស្មារតីនៃមហាគ្រួសារកងរាជអាវុធហត្ថ
៦៖ ក្នុងកិច្ចប្រតិបត្តិតួនាទី ភារកិច្ច ត្រូវរក្សាឱ្យបានការគោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប្រកាន់ភ្ជាប់នូវសីលធម៌
៧៖ ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះ និងការប្រើប្រាស់មធ្យោបាយកងទ័ព (ខម) ។ បង្ក្រាបការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយកងទ័ពបំពានច្បាប់
៨៖ បន្តយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវយុទ្ធនាការទ្រង់ទ្រាយធំដែលរាជរដ្ឋា-ភិបាលបានដាក់ចេញរួមមាន៖
* យុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន
* យុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
* យុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល
* ការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាជនកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ
* បន្តយកចិត្តទុកដាក់សហការជាមួយ បណ្តាកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាពការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ
* បន្តធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសបទល្មើសឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ការចាប់ជំរិតទារប្រាក់ ការជួញដូរមនុស្ស ។ល ។ ៕