ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិកធ្វើពហិការមិនចូលរួម កិច្ចពិភាក្សា របស់ អ.ស.ប. ស្តីពី អាវុធបរមាណូ

ចែករំលែក៖

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បានឲ្យដឹងថា តំណាងមកពីប្រទេស ជាង៤០ បានធ្វើពហិការ មិនចូលរួមនៅ ក្នុងកិច្ចប្រជុំ របស់ អង្គការសហប្រជាជាតិ នាថ្ងៃទី២៧ខែមីនា ។

តំណាង មកពីប្រទេសជាង ១០០ នៅជុំវិញពិភពលោក ចូលរួមកិច្ចប្រជុំ លើកដំបូង របស់ អ.ស.ប ស្តីពី ការហាម ប្រាមអាវុធបរមាណូ។ ប៉ុន្តែនៅមុនកិច្ចប្រជុំ ចាប់ផ្តើម តំណាង អាមេរិកគឺលោកស្រី Haley បានប្រកាស មិនចូលរួមនៅក្នុងកិច្ចប្រជុំនោះឡើយ។

មានប្រសាសន៍ទៅកាន់តំណាងមកពី ជាង ២០ប្រទេសដែលជាសម្ពន្ធមិត្ត របស់ អាមេរិក ដែលធ្វើពហិការ ក្នុងនោះមានអង់ គ្លេស បារាំង កូរ៉េខាងត្បូង ទួរគីនិងប្រទេស ជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប លោកស្រី Haley បានបញ្ជាក់ថា លោកស្រីគឺជាម្តាយ និងជាកូន លោកស្រីមិនចង់បានអ្វី ច្រើនជាងនេះសម្រាប់គ្រួសាររបស់លោកស្រីឡើយ ក្រៅពី ពិភពលោកគ្មានអាវុធបរ មាណូ។ ប៉ុន្តែយើងចាំបាច់ត្រូវតែសម្លឹងការពិត ថាតើកូរ៉េខាងជើង យល់ព្រម បោះបង់ អាវុធបរមាណូដែរឬទេ?

តាមប្រភពព័ត៌មាន កាលពីខែតុលា ប្រទេសជាង ១២០ បានប្រកាសថា នឹង បើកកិច្ចពិភាក្សាមួយ ដើម្បីចរចា អនុសញ្ញា រារាំងអាវុធនុយក្លេអ៊ែរ ប៉ុន្តែប្រទេសមួយ ចំនួន ដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងអុីស្រាអែល បានបោះឆ្នោត ប្រឆាំងវា ស្របពេលដែលចិន ឥណ្ឌា និង ប៉ាគីស្ថាន បានធ្វើអនុបវាទពីកិច្ចប្រជុំ។

គួរបញ្ជាក់ផងដែរថា ប្រទេសដែលដឹក នាំកិច្ចពិភាក្សានេះ គឺអៀរឡង់ ប្រេស៊ីល ម៉ិចស៊ិក អូស្ត្រាលី ស្វុីស និងអាហ្វ្រិកខាង ត្បូង ដោយនិយាយរួមគ្នាថា ការគំរាម កំហែងពីមហន្តរាយនុយក្លេអ៊ែរ កំពុងតែ កើនឡើងខ្លាំង ព្រោះតែកម្មវិធីនុយក្លេអ៊ែរ កូរ៉េខាង ជើង និងរដ្ឋាភិបាលដែលមិនអាច ទាយទុកបាន នៅវ៉ាស៊ីនតោន។

អង្គការ សហប្រជាជាតិ ដែលបើកការ ចរចានៅថ្ងៃនេះ ដោយសង្ឃឹមថា ទៅថ្ងៃ មុខ ពិភពលោកនឹងមានសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដូចជាសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន ហាម ឃាត់ការប្រើប្រាស់អាវុធគីមី …។ សន្ធិសញ្ញា នឹងមានតម្លៃជានិរន្តរ៍ ចាប់បង្ខំឱ្យប្រទេសជាសមាជិកគោរពតាម ពោលគឺអាចលុប បំបាត់អាវុធនុយក្លេអ៊ែរ ដ៏មហាគ្រោះថ្នាក់ បាន។

គំនិតផ្តួចផ្តើមចង់ចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរ បានកើតឡើងតាំងពីជិតបួន ឆ្នាំមុន តាមរយៈសំណើរបស់ប្រទេស ន័រវេស ម៉ិចស៊ិក កូស្តារីកា និងអូទ្រីស។ ប្រទេសទាំងបួន នឿយហត់ ធុញទ្រាន់នឹងឃើញពិភពលោកមិនគោរពមាត្រា៤ នៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខានិងចូលជាធរមានតាំងពីឆ្នាំ១៩៦៨មក។

ក្រោយ ពីបានបញ្ចុះបញ្ចូលប្រាប់ សហគមន៍ ការទូតអន្តរជាតិ ឱ្យយល់អំពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរចំពោះមនុស្ស ជាតិមក មានប្រទេសចំនូន១២៣ បានព្រម ព្រៀងចូលប្រឡូកក្នុងយុទ្ធនាការហាមឃាត់ អាវុធនុយក្លេអ៊ែរ។ អង្គការសហប្រជាជាតិ បានបោះឆ្នោត នាឱកាសមហាសន្និបាតឆ្នាំ ២០១៥ បង្កើតក្រុមការងារមួយសម្រាប់ ដឹកនាំធ្វើការចរចា។ តែនៅពេល បោះ ឆ្នោតសម្រេចចាប់ផ្តើមចរចា ឈានឆ្ពោះ ទៅរកការបង្កើតសន្ធិសញ្ញា កាលពីខែធ្នូ ២០១៦ ប្រទេសមហាអំណាច និងប្រទេសមាននុយក្លេអ៊ែរមួយចំនួនធំ ដូចជា សហរដ្ឋអាមេរិក បារាំង អុីស្រាអែល អង់គ្លេស រុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹង ការចរចានេះ ឯចិនឥណ្ឌា ប៉ាគីស្ថាន បាន បោះឆ្នោតអនុបវាទ។

នៅក្នុងកិច្ចប្រជុំរបស់ អ.ស.ប. ក្នុងគោល ដៅ ស្វែងរកសន្ធិសញ្ញា បរមាណូ ពេញ លេញ ហើយសង្ឃឹមថាសន្ធិសញ្ញានេះមាន សំណាងច្រើននិងកើតចេញជារូបរាង នៅ ក្រោយដំណើរការចរចា ដែលប្រើពេល យ៉ាងហោចពីរឆ្នាំ។

ក្រុមប្រទេសអ្នកផ្តួចផ្តើមគំនិតមិនអស់សង្ឃឹម និងមិនខ្វល់នឹងអវត្តមានរបស់ក្រុមប្រទេសមហាអំណាចក្នុងការចរចានេះ ទេ។ សម្រាប់ពួកគេ នៅពេលណាសន្ធិសញ្ញា កើតចេញជារូប រាង មិនយូរមិនឆាប់ ក្រុមប្រទេសមហាអំណាចទាំងនោះនឹងចាប់ គិតសើរើមើលនយោបាយរបស់ខ្លួន ឡើង វិញជាប្រាកដ។

ទោះគ្មានហត្ថលេខារបស់ប្រទេសអ្នកផលិតអាវុធនុយក្លេអ៊ែរ ក៏សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នៅតែមានឥទ្ធិពល ខ្លាំង និងតម្លៃដែរ។ ជាឧទាហរណ៍ជាក់ ស្តែង រុស្ស៊ី ! រុស្ស៊ីមិនមែនជាប្រទេសហត្ថ លេខី របស់អនុសញ្ញាហាមឃាត់អាវុធ រំសេវទេ តែរុស្ស៊ីតែងតែបដិសេធជានិច្ចថាមិនបានប្រើអាវុធគ្រាប់រំសេវនៅ ស៊ីរីឡើយ។ នេះមានន័យថារុស្ស៊ីដឹងខ្លួនថាមិនល្អ មាន ការហាមឃាត់។

ជាមួយនឹងបទពិសោធន៍ធ្លាប់ដឹកនាំ ចលនាបង្កើតសន្ធិសញ្ញា និងអនុសញ្ញា ផ្សេងៗដូចជា អនុសញ្ញាហាមឃាត់អាវុធ រំសេវ (២០០៨) និងសន្ធិសញ្ញាប្រឆាំងគ្រាប់មីនសម្លាប់មនុស្ស (១៩៩៧) … លោកស្រី Béatrice Fihn នាយកអង្គការ ក្រៅរដ្ឋាភិបាល ICAN ដែលកំពុងផ្តុំកម្លាំងបង្កើតសន្ធិសញ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរ បានអះអាងថា ក្នុងសម័យនេះ មាន ប្រទេសតូចៗជាច្រើនមិនរង់ចាំមហាអំណាច ដឹកច្រមុះដើម្បីបញ្ចេញ សកម្មភាពអ្វីមួយ ទេ។

នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបរមាណូ បានប្រើប្រាស់ ២លើកនៅក្នុងសង្គ្រាម ហើយ២លើកនោះវាយប្រហារ ទៅលើប្រទេស ជប៉ុនដែលជា ប្រទេសតែមួយគត់ លើភពផែនដី ដែលធ្លាប់រងគ្រោះ ដោយ ផ្ទាល់ពីអាវុធនុយក្លេអ៊ែរ នៅឆ្នាំ១៩៤៥ ក៏បានបោះឆ្នោតប្រឆាំងនឹងការចរចានេះដែរ ព្រោះជប៉ុនព្រួយបារម្ភខ្លាំង ព្រួយបារម្ភនៅពេលសម្លឹងឃើញគ្មានការស្រុះស្រួលគ្នានៅក្នុងការចរចា ដែលអាចប៉ះពាល់ដល់ កិច្ចព្រមព្រៀងរំសាយនុយក្លេអ៊ែរមានជា ធរមានស្រាប់។

សម្រាប់ក្រុមប្រទេសមហាអំណាច ដែលមានអាវុធនុយក្លេអ៊ែរហើយ ពួកគេ ត្រូវប្រឹងការពារអាវុធមានស្រាប់ និងមិន ចង់បំបាត់វាចោលទេ បើទោះបីជាបានដឹងនឹងយល់យ៉ាងច្បាស់ថា អាវុធប្រភេទនេះ អាចបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមានសង្គ្រាម និងអាចប្រល័យលោកទាំងមូលបានយ៉ាងណាក៏ដោយ។ ក្រុមមហាអំណាចនុយក្លេអ៊ែរ តូចធំទាំង នេះបានពន្យល់ថា ការមានអាវុធនុយក្លេអ៊ែរគឺទុកជាការកម្លា ! កម្លាតបតប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរណាមួយពីសំណាក់ប្រទេស ជាសត្រូវ។ មានន័យថា ជាអាវុធសម្រាប់បញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ៕ ម៉ែវ សាធី

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley


ចែករំលែក៖