ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជាបាន និងកំពុងជម្រុញឲ្យមានការលើកកម្ពស់ការចូល រួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវ ចំណេះ ដឹង ជំនាញផ្សេងៗ ដើម្បីកាត់បន្ថយភាពក្រីក្រ ។លោកស្រីម៉ែន សំអ ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួម ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និង លើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់ ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី ២៩ មីនា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងយកចិត្ដទុកដាក់ក្នុង ការកាត់បន្ថយភាពក្រីក្រ និងឈានទៅលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាឆ្ពោះទៅបង្កើនសេចក្តីសុខចំរើនដល់ប្រជាជនគ្រប់រូប ជាពិសេសស្រ្តី និងដើម្បីសម្រេចឲ្យ បាននូវគោលដៅអភិវឌ្ឍន៏ សង្គម -សេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកស្រីបន្ដថា៖ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោហ៊ុន សែន ជាប្រមុខ កម្ពុជាយើងសម្រេច បានវឌ្ឍនភាពគួរជាទីមោទនៈ ទាំង ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងបរិការណ៍ ដែលកម្ពុជាបានខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យ ដែលធ្វើឲ្យកម្ពុជាឤចរក្សាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំគិតជាមធ្យមប្រមាណ ៧% ហើយអត្រា នៃភាពក្រីក្រប្រមាណ១% ក្នុងមួយឆ្នាំ ត្រូវបានកាត់បន្ថយដែលធ្វើឱ្យកម្ពុជាសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ លើការកាត់បន្ថយភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនមុនពេលកំណត់ឆ្នាំ២០១៥ ,២០១៦ មកនេះ ។
លោក ស្រីម៉ែន សំអន បានបន្ដថា ៖ ពាក់ព័ន្ធទៅនឹងការលើកម្ពស់សិទ្ធិ ស្ថានភាព ឋានៈ តួនាទីរបស់ស្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្តេជ្ញាជាឱឡារិក នៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី ការលើកម្ពស់សមភាព យេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី នៅទីក្រុងញ៉ូូយ៉ក អាមេរិក កាលពីខែកញ្ញាឆ្នាំ២០១៥ដែលផ្តោតទៅលើចំណុចមួយចំនួន ទី១ .ការធានាលើការការពារសិទ្ធិស្ត្រី ព្រមទាំងការលើកកម្ពស់ការចូល រួមពេញលេញ និងដោយស្មើភាពរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត។
ទី២. ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ជាពិសេសតាមរយៈ ការពិនិត្យឡើងវិញ លើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនការចំណាយសាធារណៈលើសមភាពយេនឌ័រ ព្រមទាំងត្រួតពិនិត្យ និងវិភាគពីផលប៉ះពាល់នៃចំណាយសាធារណៈទៅលើវិសមភាពយេនឌ័រ។
ទី៣ .ការពង្រឹងយន្តការគណនេយ្យភាពសម្រាប់ សម ភាពយេនឌ័រ គឺជាការងារគន្លឹះ ដើម្បីវាស់វែងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយ និងវិធានការរបស់ក្រសួង-ស្ថាប័ន ព្រមទាំងធានាឱ្យមានការផ្តល់ធនធានសមរម្យសម្រាប់ការងារយេនឌ័រ។
ទី៤. ការបន្តលើក កម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ច គឺជាឤទិភាព ដើម្បីបង្កើនអំណាចសេដ្ឋកិច្ចគ្រប់គ្រាន់ជូនស្ត្រី និងក្រុមគ្រួសារ និងអនុញ្ញាតឱ្យអ្នកទាំងនោះមានលទ្ធភាពចូលរួមក្នុងការងារសាធារណៈ និងនយោបាយ។
ទី៥ .ការគិតគូរបន្តបង្កើនចំនួនស្ត្រីចូលរួមក្នុងវិស័យនយោ បាយ ដោយ ផ្តល់ឤទិភាពឱ្យស្ត្រី តាមរយៈការដាក់ឈ្មោះលើបញ្ជីបោះឆ្នោតក្នុងលេខរៀងឤចជាប់បាន។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ៖ សកម្មភាពដែលយើងត្រូវធ្វើជាបន្ត គឺធ្វើឲ្យសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជា គោលដៅទី៥បានផ្តោតសំខាន់ទៅលើការពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី និងកុមារី ដើម្បីបង្កើននូវ លក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមភាពរវាងស្ត្រី និងបុរសក្នុងគ្រប់ទិដ្ឋភាពទាំងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ ។ ឆ្នាំ២០១៧នេះគឺជាឆ្នាំទី២ នៃការអនុវត្តក្របខ័ណ្ឌថ្មីជាសកល គឺគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលត្រូវអនុវត្តរហូតដល់ឆ្នាំ២០៣០ បន្តពីគោលដៅអភិវឌ្ឍសហសវត្សរ៍ ដែលបានបញ្ចប់ទៅ ៕ សំរិត