ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញ៖ សុវត្ថិភាពចរាចរណ៍នៅតែបន្តជាបញ្ហាគួរព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញ៖ នៅទូទាំងសកលលោក មនុស្សប្រមាណ១.២៥លាននាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាមូលហេតុចម្បងទីមួយ នៃការបាត់បង់ជីវិតរបស់យុវវ័យអាយុពី១៥ទៅ២៩ឆ្នាំ ។ នៅកម្ពុជាវិញ គ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាបញ្ហាសំខាន់ដែលកំពុងប្រឈមដែលគេត្រូវរួមគ្នាធ្វើការដោះស្រាយផងដែរ ។

នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរបានសម្រួលការធ្វើដំណើរទៅដល់ភូមិ-ស្រុកឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ ចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់រួមមានរថយន្ត និងម៉ូតូយានយន្តដឹកជញ្ជូនផ្សេងទៀត ក៏បាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។ ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករដ៏ធំមួយទោះមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក៏ដោយ ។

កាលពីខែមករា ឆ្នាំ២០១៥ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានចូលជាធរមាននៅទូទាំងប្រទេសកម្ពុជា ។ ច្បាប់នេះចែងយ៉ាងច្បាស់ពីគ្រប់ទិដ្ឋភាពនៃការប្រើប្រាស់ផ្លូវ និងប្រការសុវត្ថិភាព ក៏ដូចជាកំណត់ទោសទណ្ឌសម្រាប់អ្នកល្មើសច្បាប់ផងដែរ ។ លក្ខខណ្ឌតម្រូវសំខាន់បំផុតមួយដែលលើកកម្ពស់សុវត្ថិភាពចរាចរណ៍គួរអោយកត់សម្គាល់នោះគឺការតម្រូវអោយអ្នកដំណើរតាមទោចក្រយានទាំងអស់ពាក់មួកសុវត្ថិភាព ។ នៅប្រទេសកម្ពុជា យោងតាមអ្នកជំនាញអ្នកបើកបរម៉ូតូគឺជាក្រុមអ្នកប្រើប្រាស់ផ្លូវ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឈានដល់បាត់បង់ជីវិត និងរងរបួសធ្ងន់ ទោះបីអ្នកបើកបរភាគច្រើនគោរពច្បាប់ដោយពាក់មួកសុវត្ថិភាពបានត្រឹមត្រូវក៏ដោយ ។

លោកស្រី លឹម សុខ ជាទីប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ដែលនឹងចូលរួមរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៧ នាពេលឆាប់ៗខាងមុខនេះ បានមានប្រសាសន៍ថា “ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំនេះ យើងចង់ឆ្លុះបញ្ចាំងពីបញ្ហាកំពុងបន្តនៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងអប់រំប្រជាពលរដ្ឋបន្ថែមទៀតអំពីរបៀបប្រើប្រាស់ផ្លូវដោយសុវត្ថិភាព ។ យើងមានមោទនភាពមែនទែន ដោយមានកិច្ចសហការពីមូលនិធិព្រូដិនស៍និង “កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” (Safe Steps Road Safety) ក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ” ។

“កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” ត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិនស៍ ក្រោមភាពជាដៃគូជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel និងសហព័ន្ធយានយន្តអន្តរជាតិ (FIA) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ។ រាល់សារអប់រំទាំងអស់ ដែលផ្សព្វផ្សាយក្នុងកម្មវិធីនេះត្រូវបានអនុម័ត ដោយសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម។

“កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” មានការចាក់វីដេអូអប់រំខ្លីៗរបស់លោកស្រី Michelle Yeoh ជាតារាសម្តែងលំដាប់អន្តរជាតិ និងជាទូតសុឆន្ទៈរបស់កម្មវិធី ដោយក្នុងនោះលោកស្រីនឹងចែករំលែកគន្លឹះ និងដំបូន្មានច្បាស់លាស់ និងមានសារប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ រួមមានដូចជាបង្កើនការប្រុងប្រយ័ត្នពេលបើកបរកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូ និងអ្នកថ្មើរជើង ពាក់ខ្សែក្រវាត់សុវត្ថិភាពអោយបានត្រឹមត្រូវ និងបើកបរតាមល្បឿនកំណត់ ។ បន្ថែមពីលើវីដេអូអប់រំទាំងនេះ ក៏មានការផ្សព្វផ្សាយតាមរយៈផ្ទាំងរូបភាព និងខិត្តប័ណ្ណផងដែរ ដើម្បីធានាថា មនុស្សច្រើនបំផុតអាចទទួលបានព័ត៌មានដ៏សំខាន់ទាំងនេះ ។

កម្មវិធីនេះ នឹងសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ វីដេអូអប់រំរបស់ “កម្មវិធីអប់រំវិធានការសុវត្ថិភាពស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN និងមានការផ្សព្វផ្សាយព័ត៌មានអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើវិទ្យុ Radio One ផងដែរ ។ បន្ទាប់ពីការសម្ពោធកម្មវិធីថ្នាក់ជាតិនេះជាផ្លូវការ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងដឹកនាំក្រុមអ្នកស្ម័គ្រចិត្តនិងបុគ្គលិកក្រុមហ៊ុនដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយបន្ថែមនៅក្នុងខេត្តមួយចំនួនទៀត ជាពិសេសតំបន់ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ៕ វឌ្ឍនា

លោកស្រី Michelle Yeohទូតសុឆន្ទៈនៃ “កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នៃ មូលនិធិព្រូដិនស៍ ថ្លែងក្នុងសន្និសីទកាសែតអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ កាលពីពេលកន្លងទៅ

លោកស្រី Michelle Yeohទូតសុឆន្ទៈនៃ “កម្មវិធីអប់រំវិធានការសុវត្ថិភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក” នៃ មូលនិធិព្រូដិនស៍ ថ្លែងក្នុងសន្និសីទកាសែតអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ កាលពីពេលកន្លងទៅ

សុវត្ថិភាពចរាចរណ៍នៅកម្ពុជា នៅជាចំណុចព្រួយបារម្ភ ដែលត្រូវការការយកចិត្តទុកដាក់បន្ថែម

សុវត្ថិភាពចរាចរណ៍នៅកម្ពុជា នៅជាចំណុចព្រួយបារម្ភ ដែលត្រូវការការយកចិត្តទុកដាក់បន្ថែម


ចែករំលែក៖