ខេត្តកណ្តាលៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបង្កដោយរថយន្តឡិចស៊ីសRX300បើកបោះពួយយ៉ាងលឿនរេចង្កូតបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់អស់២ដើមធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-4856 ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានគ្នា៤នាក់ ទី១-ឈ្មោះ ភិន សុភ័ស្ត ហៅញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករអគ្គីសនីស្រុកស្អាង (ជាអ្នកបើកបរ) មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ទី២-ឈ្មោះ គង់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់កាហ្វេ មានទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ទី៣-ឈ្មោះ ស្រេង សេងហៀង ហៅមាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងថតរូប មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ទី៤-ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ។ ម្នាក់ទៀតរងរបួសស្រាលឈ្មោះ ពៅ ធរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់បាននាំគ្នាជិះរថយន្តឡិចស៊ីសឆ្ពោះទៅផឹកស៊ីនៅឯក្រុងតាខ្មៅ បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំរៀងៗខ្លួនក៏បានបបួលគ្នាជិះរថយន្តត្រឡប់មកផ្ទះវិញ ។ ការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំយ៉ាងដូច្នេះបានធ្វើឲ្យអ្នកបើកបរប្រើប្រាស់ល្បឿនយ៉ាងលឿន បណ្តាលឲ្យគ្រប់គ្រងស្ថានការលែងបាន ទើបធ្វើឲ្យរថយន្តរេចង្កូតទៅបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់អស់២ដើម ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងទៅមុខលែងរួច ។ បន្ទាប់ពីមានហេតុការណ៍កើតឡើង មនុស្ស៤នាក់ក្នុងចំណោម៥នាក់បានស្លាប់បាត់បង់ជីវិត រីឯម្នាក់ទៀតរងរបួសស្រាល ។
បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងជួលរថយន្តស្ទូចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះទាំង៤នាក់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យនៅឯលំនៅឋានរៀងៗខ្លួន ។ ដោយឡែកអ្នករងរបួសស្រាលត្រូវបានស្ត្រីជាប្រពន្ធដឹកយកទៅលំនៅឋានផងដែរ ៕ ស្អាងជ័យ