នៅក្នុងហេតុការណ៍លិចនាវាដឹកជនភៀសខ្លួន១៤៧នាក់ ក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ពេលធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសអីតាលី មានតែកុមារអាយុ១៦ឆ្នាំ្មម្នាក់ប៉ុណ្ណោះដែលនៅរស់ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមរបាយការណ៍របស់អង្គការជនភៀសខ្លួន អន្តរជាតិ IOM បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនាថា នៅក្នុងហេតុការណ៍ លិចនាវានោះ មានតែយុវជន១៦ឆ្នាំម្នាក់មកពីប្រទេស Gambisប៉ុណ្ណោះ ដែលនៅរស់ ដោយសារតែយុវជនខាងលើបានតោងជាប់បំណែកបាក់បែកអណ្តែតនៅលើផ្ទៃទឹក ហើយត្រូវបានកម្លាំងជួយសង្គ្រោះអីតាលី ជួយយកទៅលើកោះ Siciliy។
អ្នកនាំពាក្យ IOM លោក Flavio Di Giacomo បានឲ្យដឹងថា« យុវជនខាងលើ ពិតជា អស់កម្លាំងយ៉ាងខ្លាំង នៅពេលដែលក្រុមសង្គ្រោះប្រទះឃើញ» ។ យុវជនរូបនោះបានឲ្យដឹងថា គាត់បានចាកចេញពីតំបន់ Sabratha ប្រទេសលីបី ប៉ុន្មានថ្ងៃមុននេះ តាមទូកកៅស៊ូមួយ ជាមួយនឹងអ្នកដំណើរដល់ទៅ១៤៧នាក់ ដែលជាជនជាតិអាហ្វ្រិកជិតតំបន់សាហារ៉ា ។
តាមរបាយការណ៍របស់ IOM បានបញ្ជាក់ថា មានជនភៀសខ្លួន២៦.៥០០នាក់ បានភៀសខ្លួនចូលទៅកាន់អឺរ៉ុបតាមផ្លូវសមុទ្រក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ ក្នុងនោះមានជាង៨០ភាគរយ ធ្វើដំណើរទៅកាន់អីតាលី។ IOM ក៏បានកត់សម្គាល់ឃើញថា មានមនុស្ស៦៤៩នាក់ ស្លាប់នៅដែនសមុទ្រ មេឌីទែរ៉ាណេ ក្នុងរយៈពេល៣ខែ កន្លងមកនេះ។
កាលពីថ្ងៃទី២៩ ខែមីនា សភាអីតាលីបានអនុម័តច្បាប់មួយ ដើម្បីការពារកុមារជនភៀសខ្លួនចូលមកកាន់អីតាលី។ សកម្មភាពខាងលើត្រូវ ក្រុមអង្គការមនុស្សធម៌នៅជុំវិញពិភពលោកទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ។
រយពេលកន្លងមក បើទោះបីមានការយាមល្បាតតឹងតែងនៅតាមដែនសមុទ្រទប់ស្កាត់ជនភៀសខ្លួនចូលអឺរ៉ុប ប៉ុន្តែរយៈពេលកន្លងមក នៅតែមានជនភៀសខ្លួនជាច្រើន ប្រថុយនឹងគ្រោះថ្នាក់ចូលទៅកាន់តំបន់អឺរ៉ុប ដើម្បីស្វែងរក ការរស់នៅល្អប្រសើរជាងនៅក្នុងស្រុករបស់ខ្លួន។
ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិកជាច្រើន ប្រឈមនឹងការស្លាប់ដោយសារតែអត់អាហារបណ្តាលមកពីគ្រោះរាំងស្ងួត ហើយជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ ទៅមិនទាន់ពេលវេលា ។ ទាំងនោះហើយ ទើបពលរដ្ឋជាច្រើន សុខចិត្តស្លាប់នៅដែនសមុទ្រជាជាងស្លាប់នៅក្នុងស្រុករបស់ខ្លួន ដោយយកជីវិតប្រថុយ និងការស្លាប់ទោះបីមានសង្ឃឹមតិចតួចចូលទៅរស់នៅអឺរ៉ុបក្តី ៕ ម៉ែវ សាធី