ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទគេដល់ក្នុងផ្ទះ ម្ចាស់គេទាន់រត់ទៅពួនក្នុងប្រឡាយទឹក

ចែករំលែក៖

ភ្នំពេញ៖ យុវជនអនាថាម្នាក់ ត្រូវបានកម្លាំងសន្តិសុខក្នុងបុរីពិភពថ្មី ដេញចាប់ខ្លួនប្រគល់ឲ្យប៉ូលិសមូលដ្ឋាន ចាត់ការតាមច្បាប់ តាមបណ្តឹងរបស់នារីរងគ្រោះម្នាក់ចោទពីបទចូលលួចយកទូរស័ព្ទដល់ក្នុងផ្ទះបាន២គ្រឿង ។

ករណីលួចនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩០ ផ្លូវលេខ១០Mក្នុងបុរីពិភពថ្មីឡាសែនសុខ ស្ថិតក្នុងភូមិបាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ រ័ត្ន មនោរ៉ាឌី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជានិស្សិត នៅវិទ្យាស្ថានជាតិគ្រប់គ្រង បានរៀរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នាងបានកំពុងតែអង្គុយរៀន ក្រោយមកបានចូលបន្ទប់ទឹក ដោយដាក់ទូរស័ព្ទចំនួន២គ្រឿង ម៉ាកអាយហ្វូន៥ និងម៉ាកហួវ៉ៃ នៅលើតុក្នុងផ្ទះ នៅពេលចេញមកវិញ បានប្រទះឃើញបុរសម្នាក់ចូលលួចយកទូរស័ព្ទរបស់នាង នៅគ្រានោះ នាងក៏បានស្រែកចោរៗ ហើយបុរសជាចោរនេះ ក៏បានរត់ចូលពួនក្នុងប្រឡាយទឹកនៅក្បែរនោះ។

ភ្លាមៗនោះប្រជាពលរដ្ឋអ្នកជិតខាង រួមនឹងសន្តិសុខក្នុងបុរីបាននាំគ្នាជួយដេញចាប់ខ្លួនបានភ្លាមៗ យកទាំងទូរស័ព្ទបានមកវិញផង ហើយក៏ហៅប៉ូលិសមូលដ្ឋានឲ្យមកទទួលយកជនជាប់ចោទទៅសួរនាំចាត់ការតាមច្បាប់ ។

បុរសជាប់ចោទបានប្រាប់សមត្ថកិច្ចថា គាត់ឈ្មោះ អែម សុខវិត អាយុ២៤ឆ្នាំ មកពីខេត្តក្រចេះ ស្នាក់នៅចល័តតាមវត្តនានា ចុងក្រោយស្នាក់នៅវត្តនាគវ័ន្ត គ្មានមុខរបរ និងហូបបាយវត្ត និងលួចទ្រព្យសម្បត្តិគេ ដើម្បីចិញ្ចឹមជីវិត ។

ប៉ូលិសបានប្រគល់ទូរស័ព្ទឲ្យទៅជនរងគ្រោះវិញ តែជនជាប់ចោទត្រូវបានឃាត់ខ្លួន សួរនាំដើម្បីកសាងឯកសារបញ្ជូនទៅតុលាការ៕ តុង សីហា

a (6) a (5) a (4) a (3) a (2) a (1)


ចែករំលែក៖