ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ BVB ក្ស័យធន់ជំពាក់បំណុលធនាគារកាណាឌីយ៉ាជាង១០លានដុល្លារតុលាការរឹបអូសទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រោងម៉ាស៊ីនកិនស្រូវ BVB ដែលបានជំពាក់បំណុលធនាគាររហូតជាង១០លានដុល្លារ ត្រូវបានតំណាងអយ្យកាអមសាលាដំបូង ខេត្តកំពង់ធំ ចុះអនុវត្តដីការឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានសម្របសម្រួលដោយ លោកសាយ ណូរ៉ា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ និងមានការចូលរួមពី ក្រឡាបញ្ជី កម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។

លោកហាក់ សៀកលី និងលោក អ៊ុក សំណាង តំណាងមេធាវី ធានាគារកាណាឌីយ៉ា បានឱ្យដឹងថា ដោយសារម្ចាស់ក្រុមហ៊ុនកិនស្រូវ BVB ជំពាក់បំណុលច្រើន ទើបធានាគាសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូង រាជធានីភ្នំពេញ រហូតមានដីការសម្រេចរឹបអូស ទ្រព្យសម្បត្តិបណ្តោះអាសន្ន លេខ១១៨ រ.ដ.រ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ និងបានហាមឃាត់មិនអោយនាំយកសម្ភារៈ និងទ្រព្យសម្បត្តិ តាមលិខិតបញ្ជាក់ចលនទ្រព្យជា កម្មវត្ថុប្រាតិភោគ ជូនធានាគារកាណាឌីយ៉ា របស់ម្ចាស់ក្រុមហ៊ុន BVB ( ខេមបូឌា) អេហ្រ្គីខលឈើរ ឌីវេឡុបមែន ។

តំណាងមេធាវីបន្តថា ចុងបណ្តឹងមានលោក ដួង វិបុល និងលោកស្រី អែម សុគន្ធារី ជាសហម្ចាស់ភាគហ៊ុន ជាកូនបំណុលហាម និងហាមកូនបំណុល ឈ្មោះ ដួង វិបុល និងប្រពន្ឋឈ្មោះ ខៀវ រ៉ាវី ព្រមទាំងឈ្មោះ តូច បុប្ឋា និងប្រពន្ឋឈ្មោះ ឯម សុ គន្ធារី មិនអោយធ្វើសកម្មភាព លក់ ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធ ធ្វើអំណោយ និងលទ្ធកម្មផ្សេងៗ នូវចលនវត្ថុមួយចំនួនដែលមានអត្តសញ្ញាណក្នុងតារាងឧបសម្ព័ន្ឋទី១ មានម៉ាស៊ីន និងគ្រឿងចក្រចំនួន១៤មុខ។

ចំណែកសម្ភារៈទាំងអស់ហាមនាំចេញទៅក្រៅបរិវេណរោងចក្រ និងរក្សាទុកនៅទីតាំងដដែល ព្រមទាំងប្រគល់ភារកិច្ចជូនលោក តូច សុខជា ជានិយកប្រតិបត្តិរបស់ក្រុមហ៊ុន BVB ជាអ្នកទទួលខុសត្រូវរួមជាមួយសមត្ថកិច្ច និងសន្តិសុខឯកជន របស់ធានាគារកាណាឌីយ៉ា ការពារនិងទទួលខុសត្រូវ។

សូមបញ្ជាក់ថា ក្រុមហ៊ុន BVB ជាក្រុមហ៊ុនមួយដ៏ធំមួយ ធ្វើការវិនិយោគផ្នែកម៉ាស៊ីនកិនស្រូវ និងផលិតចំណីសត្វខ្លួនឯង សម្រាប់ចិញ្ចឹមជ្រូករាប់ម៉ឺនក្បាល និងមានឈ្មោះល្បីនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែក្រោមក្រុមហ៊ុនមានមានការខាតបង់ រហូតក្ស័យធន់មិនមានលទ្ធភាពសងធានាគារច្រើនឆ្នាំ ហើយការដោះស្រាយគ្នាតាមសន្តិវិធីមិនបានសម្រេច ទើបឈានដល់ការប្តឹងផ្តល់ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំគោលការរឹមអូសបណ្តោះអាសន្ន ព្រោះកូនបំណុលជំពាក់ធានាគារ កាណាឌីយ៉ាសរុបមកដល់បច្ចុប្បន្ននេះមានចំនួន ១០លាន១៥ ០០០ដុល្លាសហរដ្ឋអាមេរិក ទើបមានការអនុវត្តន៍ដីការសម្រេចរឹបអូសយកសម្ភារៈជាបណ្តោះអាសន្ននេះឡើង ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9)


ចែករំលែក៖